សឿយ វិសាល៖ កម្ពុជា នឹង​ធ្វើបានល្អថែមទៀត ពេល Honda ដឹកនាំ

  • 2018-11-19 04:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ការពារ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា សឿយ វិសាល បាន​ទទួល​ស្គាល់​ថា ពួកគេ​ពិតជា​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​មុន បន្ទាប់​ពី​អ្នក​ចាត់ការ​ទូទៅ​លោក Keisuke Honda បាន​ត្រឡប់​មក​ដឹក​នាំ កាលពី​ប្រកួត​ទី២ ពូល A វគ្គ​សន្សំ​ពិន្ទុ ពានរង្វាន់ AFF Suzuki Cup 2018 ​។

Honda បាន​ត្រឡប់​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​ពី​សម្រាក​ពី​ភារកិច្ច​នៅ​​ក្លឹប Melbourne Victory នៅ​លីគ​ប្រទេស​អូស្ត្រាលី។ ក្រោម​ការ​ដឹកនាំ​របស់ Honda ក្នុង​ប្រកួត​ទី២ កម្ពុជា បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​៤៥នាទី​ដំបូង​ ដោយ​បើក​ការ​នាំមុខ ១-០ ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ទោះបីជា​លទ្ធផល​ចប់​ការ​ប្រកួត កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា​ ៤-១ ក៏​ដោយ​។

ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ទី​៣ រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ជាមួយ ឡាវ ខ្សែ​ការពារ​សឿយ វិសាល បាន​ឲ្យដឹង​ថា ពេល​ហ្វឹកហាត់​ជាមួយ Honda ជម្រើស​ជាតិ​ចាប់​បាន​ច្រើន។ ចំពោះ​ការ​ប៉ះ​ជាមួយ​មីយ៉ាន់ម៉ា វិសាល មើល​ឃើញ ការ​វិវឌ្ឍ​ល្អ​ប្រសើរ ជាង​ជំនួប​ទល់នឹង​ម៉ាឡេស៊ី​។

ខ្សែការពារ សឿយ វិសាល របស់ក្រុមជម្រើសជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាពេលកន្លងទៅ
កីឡាករ​មកពី​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង បាន​បន្ត​ថា កីឡាករ​ក្រុម​ជម្រើស​ជាតិ នឹង​ព្យាយាម​បំពេញ​ចំណុច​ខ្វះខាត​ពី​មុន​។ ទោះបីជា​ឡាវ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ​ក្ដី ក៏​ជំនួប​ថ្ងៃ​ស្អែក​នេះ មិនមែន​ជា​ការ​ងាយស្រួល​ដែរ ដូច្នេះ កម្ពុជា​មិន​ត្រូវ​ធ្វេស​ប្រហែស​នោះ​ទេ។

គួរ​បញ្ជាក់​ថា កម្ពុជា និង​ឡាវ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥ ក្នុង​ពូល A ។ ​ក្រោយ​ជួប​ឡាវ កម្ពុជា នឹង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ​វៀតណាម នៅ​ប្រកួត​ទី​៤ ដែល​ជា​ជំនួប​ចុងក្រោយ នា​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;