កម្ពុជា ស្នើសុំបន្តកិច្ចសហការ និងជំនួយពី ADB លើវិស័យថាមពល
- 2018-11-29 02:55:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្នើសុំបន្តកិច្ចសហការ និងជំនួយពី ADB លើវិស័យថាមពល
ចន្លោះមិនឃើញ
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តកិច្ចសហការជាមួយក្រសួង លើការជំរុញថាមពលកកើតឡើងវិញ ការបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកទេសថ្មីៗ និងសិក្សារុករកប្រភពថាមពលថ្មី ក្រៅពីអ្វីដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ សំណើនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោក ស៊ុយ សែម និងលោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
ជាមួយគ្នានេះ លោក ស៊ុយ សែម ក៏បានស្នើសុំ ADB ផ្តល់ជាឥណទានក្នុងអត្រាការប្រាក់ទាប ឬជាជំនួយ(Grand) ដើម្បីពង្រីកបន្ថែមនូវខ្សែបញ្ជូន ខ្សែបញ្ជូនរង ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍ជាដើម។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានលើកឡើងថា សព្វថ្ងៃនេះកម្ពុជា បានតភ្ជាប់ផ្គត់ផ្គង់អគ្គិសនីដល់ភូមិបាន ៨៦,៨៥ភាគរយ និងដល់លំនៅឋានប្រជាពលរដ្ឋជាង ៧៣ភាគរយ នៅទូទាំងប្រទេសដែលក្នុងនោះក៏មានការចូលរួមចំណែកដ៏មានតម្លៃរបស់ ADB ផងដែរ ដែលបានជួយកសាងខ្សែបញ្ជូន ខ្សែបញ្ជូនរង ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍នៅតាមបណ្តាខេត្តនានាជាច្រើន។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ចនណា វិកទ័រ ទៅកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ ឱ្យដឹងថា កម្ពុជានឹងជំរុញផែនការប្រើប្រាស់ថាមពលអគ្គិសនី ដែលផលិតចេញពីទំនប់វារីអគ្គិសនី និងធ្យូងថ្មសម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេសក្នុងឆ្នាំ២០២០ខាងមុខ។
លោកបន្តថា ថាមពលអគ្គិសនី ដែលបានមកពីទំនប់វារីអគ្គិសនីមានចំនួន៤០% បានមកពីការប្រើប្រាស់ធ្យូងថ្ម មានចំនួន៣៦ភាគរយ ហើយគម្រោងបន្ថែមទៀតកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។ ក្រៅពីនេះទៀត ការប្រើប្រាស់អគ្គិសនីគឺទិញមកពីប្រទេសជិតខាង។ លើសពីនេះ រោងចក្រផលិតអគ្គិសនីកម្លាំង៦០ម៉េហ្កាវ៉ាត់ ផលិតចេញពីប្រព័ន្ធសូឡាពន្លឺព្រះអាទិត្យក្នុងខេត្តកំពង់ស្ពឺ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ ផងដែរ៕