លោក​​កឹម សុខា ប្រកាស​​មិន​គាំទ្រ​សន្និសីទ​​ពិភពលោក​​របស់​លោក​​ស​ម រង្ស៊ី​​

  • 2018-12-03 02:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមមេធាវីរ​បស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​០២ ខែ​ធ្នូ បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ជំហរ​របស់ លោក កឹម សុខា​ថា មិន​ទទួលស្គាល់​សន្និសីទ​របស់​ក្រុម​លោក សម រង្ស៉ី​ នៅ​ទីក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី០១ ខែធ្នូនោះទេ។

មេធាវី​៤​រូប​របស់លោក កឹម សុខា បាន​គូសបញ្ជាក់ថា ទោះជា​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ក៏ដោយ​ ក៏​លោកនៅតែមាន​សិទ្ធិ​ក្នុង​ការតវ៉ា ការពារ ទាមទារ និងបដិសេធ នូវ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់លោក​។ លោក កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ឬ​តាមរយៈ​មេធាវី​ស្របតាម​បញ្ញត្តិ​ច្បាប់​។​

លោក សម រង្ស៊ី និងលោក​កឹម សុខា (រូបភាពឯកសារ)
​ក្រុម​មេធាវី​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ជា​សហ​មេធាវី​ដែល​ទទួល​សិទ្ធិ​ការពារ​ក្តី​ជូន លោក កឹម សុខា គឺ​អនុវត្ត​ស្របតាម​ក្របខណ្ឌ​វិជ្ជាជីវៈ តាម​ឆន្ទៈ​កូនក្តី និងមាន​ការទទួលខុសត្រូវ​។ ដូច្នេះ​ក្នុងករណី​សហ​មេធាវី បំពេញបេសកកម្ម​ណាមួយ ដោយ​បំពាន​ឆន្ទៈ​របស់ លោក​កឹម សុខា ដែលជា​កូនក្តី លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការបញ្ឈប់​បេសកកម្ម​ក្រុម​មេធាវី បាន​គ្រប់ពេលវេលា​។

​បន្ថែម​លើ​សេចក្តីថ្លែងការណ៍ លោក​កឹម សុខា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុន​របស់លោក បានបញ្ជាក់​យ៉ាងខ្លី​ អម​ជាមួយ​រូបភាព​ប្រជុំ​ជា​មួយក្រុម​មេធាវី​របស់លោក​ថា លោក​មាន​សិទ្ធិ​ឱ្យ​មេធាវី​នាំ​ពាក្យ និងបង្ហាញ​ពី​ឆន្ទៈ​របស់លោក ដែលជា​កូនក្តី​ជា​ផ្លូវការ​ស្រប តាម​បញ្ញត្តិ​ច្បាប់។​

គួរ​បញ្ជាក់ថា សន្និសីទ​របស់​អ្នកគាំទ្រ​បក្សប្រឆាំង​នៅ​ក្រៅប្រទេស​ បាន​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក​នៅ​ថ្ងៃទី​១​ ខែធ្នូ​នេះ នៅ​ទីក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក​ ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ជំរុញ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។ ប៉ុន្តែ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម​ប្រចាំ​សហរដ្ឋអាមេរិក ក៏​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៣០​ វិច្ឆិកា ដោយ​បដិសេធ​ចំពោះ​សន្និសីទ​នេះ ហើយ​ថាអ្នក​ដែល​ទៅ​ចូលរួម​សន្និសីទ​នេះ គឺជា​ការចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចំហ​ ដើម្បី​ទៅ​ចូល​រួមជាមួយ​ចលនា​របស់លោក សម រង្ស៊ី​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;