ONE Championship៖ ឯម សុវណ្ណារី ប្ដេជ្ញា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​មាន​មោទនភាព

  • 2018-12-07 00:43:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាការិនី​ខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី បាន​ប្ដេជ្ញា​យក​ជ័យជម្នះ​ឲ្យបាន នៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួន​នៅស្ថាប័ន ONE Championship នាល្ងាចថ្ងៃទី៧ ខែធ្នូ​នេះ ទល់​នឹង​កីឡា​ការិនីអ៊ុយក្រែន IRYNA KYSELOVA។

នៅក្នុងបទសម្ភាសន៍ជាមួយ [ខ្លីៗ] សុវណ្ណារី បាន​និយាយថា៖ "ខ្ញុំពិតជារំភើប​ ដែលបាន​ចូល​ប្រកួត​នៅ ONE Championship។ នេះ​ជាលើកដំបូង ដែល​ខ្ញុំ​ធ្វើ​ដំណើរ​មកប្រកួត​នៅ​អាស៊ី។ ខ្ញុំ​មាន​មោទនភាព នៅពេលដឹង​ថា​បងប្អូនខ្មែរ​យើង​នៅ​កម្ពុជា គាំទ្រ និងទន្ទឹង​រង់ចាំការ​ប្រកួត​នេះ។ ខ្ញុំ​នឹង​ឲ្យពួគគាត់មានមោទនភាព​"។

ឯម សុវណ្ណារី នៅក្នុងបទសម្ភាសន៍​ជាមួយ [ខ្លីៗ] នៅប្រទេសម៉ាឡេស៊ី
កីឡា​ការិនី​វ័យ ២៦ឆ្នាំ ដែល​កើត​នៅ​ទឹកដី​អាមេរិក តែមាន​ឪពុកម្ដាយជាខ្មែរ​រូបនេះ បានបន្ថែមថា ឆាប់ៗ​ខាងមុខ ខ្លួនសង្ឃឹមថា​នឹង​អាច​ធ្វើដំណើរទៅកាន់​ទឹកដី​កំណើត​របស់​ឪពុកម្ដាយនាង ហើយនាង​នឹងអាច​ស្គាល់​កម្ពុជា​កាន់តែច្រើនជាងនេះ។

ចំពោះ​យុទ្ធសាស្រ្ដ​នៃ​ការ​ប្រកួតវិញ សុវណ្ណារី បាន​បញ្ជាក់ថា នាង​បាន​ស្វែងយល់​ក្បាច់​ប្រកួត​របស់​គូប្រកួត តាមរយៈ YouTube ហើយ​ក៏​បាន​ត្រៀម​ក្បាច់​ដើម្បីទប់ទល់​ផងដែរ ដែលមានទាំង​ក្បាច់​វ៉ៃ​សេរី វ៉ៃ​ម៉ាត់ និង​ក្បាច់​ក្លេ​ផ្នែក​ខាងក្រោមផងដែរ។

សូមបញ្ជាក់ថា ឯម សុវណ្ណារី ធ្លាប់​មានប្រវត្តិប្រកួតក្បាច់​គុនចម្រុះ តែ​២ដង​ប៉ុណ្ណោះនៅទឹកដីអាមេរិក ដោយ​អាច​ផ្ដួល​​គូប្រកួត​ឲ្យ​ចុះចាញ់​ក្នុង​ទឹកទី១ ទាំង២ប្រកួត។ ចំណែក IRYNA KYSELOVA ធ្លាប់​មាន​ប្រវត្តិប្រកួតដល់ទៅ ១៣ ដង (ឈ្នះ ១០ដង និងចាញ់៣ដង) ដែល​ក្នុង​នោះ​មាន​ម្ដង​នៅ ONE Championship កាលពីខែមីនា ឆ្នាំ២០១៨ (ចាញ់)។

កម្មវិធី ONE: Destiny of Champions នៅ​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹង​ចាប់ពីម៉ោង ៥:៣០នាទីល្ងាច​តទៅ (ម៉ោងនៅកម្ពុជា) ដែល​ ​សុវណ្ណារី នឹង​ត្រូវ​ប្រកួត​គូទី១ ចំណែកកីឡាករ​កម្ពុជា​មួយរូប​ទៀត គឺ ចាន់ រតនា នឹង​ត្រូវ​ប្រកួត​គូទី២ ទល់នឹង​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes (គូទី២)៕

ចុចអាន​៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;