ប្រធាន​សហព័ន្ធ​ ប្រកាស​ថា ​នឹង​ធ្វើ​ទីលាន​បាល់ទាត់​ស្តង់ដា នៅតាម​សាលារៀន ឱ្យ​រួចនៅ​ឆ្នាំ​ក្រោយ

  • 2018-12-09 08:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​សៅ​ សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាសថា ​នឹងធ្វើ​ទីលាន​បាល់ទាត់​ស្តង់ដា​នៅតាម​សាលារៀន​នានា ​ក្នុង​បណ្តា​ខេត្ត​-​រាជធានី ឱ្យ​រួច​ក្នុង​ឆ្នាំ​២០១៩​។ ពិសេស​គឺ​សហព័ន្ធ​​នឹង​ឧបត្ថម្ភ​ប្រាក់​ដល់​លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់​ ២​លាន​រៀល​ក្នុង​មួយខែ​។ ​ការប្រកាស​បែបនេះ ធ្វើឡើង​ក្នុង​កម្មវិធី​សម្ពោធ​ទីលាន​បាល់ទាត់​នៅក្នុង​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និង​បើក​ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ និង​ការប្រកួត​បាលទាត់​នារី​ឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨​ នៅខេត្ត​ព្រះវិហារ។

​លោក សៅ សុខា បាន​លើកឡើងថា ការប្រកួត​ជម្រើស​ជើងឯក​យុវជន អាយុ​ក្រោម​១៥​ឆ្នាំ ក្រោម​១៧​ឆ្នាំ និង​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០១៨​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៅ ក្នុង​គំរោងការ​អភិវឌ្ឍន៍​ថ្នាល​បាល់ទាត់​យុវជន​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានដាក់​ចេញ នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៧​។​

លោក សៅ សុខា ទាត់បាល់នៅលើទីលានក្នុងវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ កាលពីថ្ងៃទី៨ធ្នូ ២០១៨។ រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
​ ប្រធាន​សហព័ន្ធ​រូបនេះ ​បន្តថា៖ «**នោះ​គឺ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​បាល់ទាត់​និង​ផែនការអភិវឌ្ឍន៍​បាល់ទាត់​ឆ្ពោះទៅកាន់​ខេត្ត​ទាំង​២៥​រាជធានី​-​ខេត្ត។ ហើយ​តាមរយៈ​ការប្រកួត​នេះ​គឺ​យើង​បានជ្រើសរើស​នូវ​កីឡាករ​ឆ្នើម សម្រាប់​រៀបចំ​ជា​ក្រុម​ជម្រើសជាតិ​ចេញ ទៅ​ប្រកួត​ក្នុង​ក្របខណ្ឌ​បាល់ទាត់ ដែល​រៀបចំ​ដោយ សមាគម​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF ការប្រកួត​បាល់ទាត់​ទ្វីបអាស៊ី AFC ឬ​បាល់ទាត់​អន្តរជាតិ ដែល​រៀបចំ​ដោយ FIFA**»។ ​

​ការប្រកួត​នៅពេលនេះ ​គឺមាន​សារៈសំខាន់​ក្នុងការ​ដុសខាត់​ជំនាញ​បច្ចេកទេស​កីឡាករ កីឡាការិនី និង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​បាល់ទាត់ ដូចជា​គ្រូ​អាជ្ញាកណ្តាល​មន្ត្រី​បច្ចេកទេស​រដ្ឋបាល​។​ល​។​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មក​ទល់​ពេលនេះ មាន​គ្រូ​ ១០០​នាក់​ទូទាំងប្រទេស​ដែល​ក្នុង​មួយ​ខេត្ត​មាន​គ្រូ​៤​នាក់​ទទួល​បណ្តុះបណ្តាល​កីឡាករ​ចំនួន​២​ក្រុម ដែល​ក្នុង​ក្រុម​នីមួយៗ មាន​កីឡាករ​២៥​រូប។ នេះបើតាម​ការបញ្ជាក់​ឱ្យដឹងបន្ថែម​របស់លោក សៅ សុខា៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;