រង្វង់មូល​ស្រអែម នឹង​ត្រូវ​កសាង​ដោយ​ដាក់រូប​សំណាក​គោបុរ:ទី៥ នៃ​ប្រាសាទ​ព្រះវិហារ

  • 2018-12-12 08:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រង្វង់មូល​ស្រអែម ត្រូវបាន​រៀបចំ​ធ្វើពិធី​បញ្ចុះ​បឋម​សិលា​ដើម្បី​កសាង​រូបសំណាក​ប្រាសាទ​គោបុរៈទី៥ នៃប្រាង្គ​ប្រាសាទ​ព្រះវិហារ ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះវិហារ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះវិហារ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​រាជការ​ជុំវិញ​ខេត្ត​ព្រះវិហារ​ជាច្រើន​រូបផងដែរ ។ កម្មវិធី​នេះ​ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង​ទីប្រជុំជន​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។

រូបគំរូនៃរូបសំណាក​ ប្រាសាទ​គោបុរ:ទី៥ នៃប្រាង្គ​ប្រាសាទ​ព្រះវិហារ ដែលត្រូវសង់នៅរង្វង់មូលស្រអែម ខេត្តព្រះវិហារ
លោក សំ លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនខេត្ត​ព្រះវិហារ​​បាន​ឱ្យដឹង​ថា ការ​សាង​សង់រង្វង់មូល​រូបសំណាក​គោបុរៈទី៥ នៃ​ប្រាសាទ​ព្រះវិហារ​នេះ គឺមាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ លោក​ទេសរដ្ឋមន្រ្តី មាស សុភា លោក សួស យ៉ារ៉ា តំណាងរាស្រ្ត​មណ្ឌល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត លោក​ឧត្ដមសេនីយ៍​ឯក ស្រី ឌឹក មេ​បញ្ជាការ​កងពល​ធំ​អន្តរាគមន៍​លេខ៣ ព្រមទាំង​សប្បុរសជន​នានា​ផងដែរ។ លោក​ថា ទាំងនេះ​ជាសមិទ្ធផលថ្មី​មួយទៀត​របស់​ខេត្ត​ព្រះវិហារ បន្ទាប់ពី​ផ្លូវភ្លោះ និង​បុស្បុក​លោកតា​សួង ដែលមាន​លោក​អភិបាល​ខេត្ត​ដឹកនាំ​ក្នុងការ​កសាង​ឡើង។

បើតាម​លោក មាស សុភា ក៏បាន​បញ្ជាក់​បន្ថែម​ផងដែរ​ថា ការ​សាងសង់​រង្វង់មូល​ស្រអែម​នេះ នឹងត្រូវ​សាងសង់​ឱ្យរួចរាល់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ដែលទៅ​ទស្សនា​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះវិហារ ជាពិសេស​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​តែម្តង។

ចំពោះ​ការ​សាងសង់​រូបសំណាក់​គោបុរ:ទី៥ នៃ​ប្រាសាទ​ព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជាអ្នក​ទទួល​ខុសត្រូវ​ក្នុងការ​សាងសង់​ទាំងស្រុង​ផងដែរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;