លោកគង់ គាំ នឹងទៅជួយគណបក្សឆន្ទៈខ្មែរ មិនវិលទៅរក CNRP វិញទេ
- 2018-12-13 08:35:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគង់ គាំ នឹងទៅជួយគណបក្សឆន្ទៈខ្មែរ មិនវិលទៅរក CNRP វិញទេ
ចន្លោះមិនឃើញ
លោកគង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី បានប្រកាសថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន ប៉ុន្តែលោកបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនវិលទៅរកអតីតគណបក្សសង្គ្រោះជាតិវិញទេ។
លោកគង់ គាំ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ រលាយបាត់ហើយ មិនអាចកើតឡើងវិញបានទេ គឺនៅសល់ឈ្មោះត្រឹមតែជាអតីតគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។ លោកថា ពេលបានសិទ្ធិធ្វើនយោបាយវិញមុនកាលកំណត់ លោកនឹងទៅជួយគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសពៅរបស់លោក។ លោកបន្ថែមទៀតថា អាចនឹងមានគណបក្សថ្មីមួយទៀតកើតឡើង ចេញពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមដែលលោកសម រង្ស៊ី ធ្លាប់ចោទថាក្បត់បក្ស។
សូមបញ្ជាក់ថា រដ្ឋសភា បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ លោក គង់ គាំ និយាយថា លោកទន្ទឹងរង់ចាំ និងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីនឹងស្នើសុំទៅសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើសេចក្តីស្នើឱ្យលោកមាននីតិសម្បទាធ្វើនយោបាយឡើងវិញ។
គួររំលឹកផងដែរថា លោកសម រង្ស៊ី បានប្រកាសពីក្រៅប្រទេសអំពាវនាវឲ្យអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់ បដិសេធកុំទទួលយកសិទ្ធិធ្វើនយោបាយ ហើយរួមគ្នាបន្តទាមទារឲ្យដោះលែងលោកកឹម សុខា ជាមុនសិន។ លោកថែមទាំងព្រមានថា បើអ្នកណាស្ម័គ្រចិត្តសុំសិទ្ធិចូលធ្វើនយោបាយវិញ អ្នកនោះគឺជាជនក្បត់បក្ស។
ចំណែក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយបើកផ្លូវថា បើចង់បានសិទ្ធិធ្វើនយោបាយវិញ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ត្រូវធ្វើសំណើជាលក្ខណៈបុគ្គល ឬជាក្រុម តាមនីតិវិធី នោះលោកនឹងពិនិត្យ។ ប៉ុន្តែជាការកត់សម្គាល់ មកដល់ពេលនេះ គឺទើបនឹងលេចតម្រុយតែលោកគង់ គាំ មួយរូបប៉ុណ្ណោះ ដែលរង់ចាំទទួលយកការផ្តល់នីតិសម្បទា ធ្វើនយោបាយឡើងវិញ រីឯអ្នកដទៃ ក្នុងចំណោមអ្នក១១៨រូបដែលជាប់បម្រាម មិនទាន់មានអ្នកចេញមកប្រកាសទទួលដូចលោកគង់ គាំទេ។ លោកអេង ឆៃអ៊ាង ដែលគេដឹងថា ជាមនុស្សជំនិតបំផុត របស់លោកសម រង្ស៊ី បានបញ្ជាក់ដាច់អហ័ង្ការថា «យើងមិនត្រូវការសុំសិទ្ធិធ្វើនយោបាយពីជនផ្តាច់ការឡើយ។ សិទ្ធិធ្វើនយោបាយរបស់យើងមានពីកំណើត ហើយធានាដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា»៕