ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ខេត្ត២ សម្រេចការសាងសង់បានពាក់កណ្តាលហើយ
- 2018-12-26 01:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានឆ្លងកាត់ទន្លេមេគង្គភ្ជាប់ខេត្ត២ សម្រេចការសាងសង់បានពាក់កណ្តាលហើយ
ចន្លោះមិនឃើញ
ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តម្លៃជិត ៦០លានដុល្លារនោះ មកដល់ពេលនេះដំណើរការសាងសង់បាន ៥០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក សុវណ្ណថេត ឃូយហាក់ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្តថា ស្ពានដែលមានទទឹង ១៣,៥០ម៉ែត្រ និងបណ្តោយប្រវែង១១៣១ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែកនេះ នឹងត្រូវសាងសង់រយ:ពេល ៤២ខែដោយគិតចាប់ពីខែកុម្ភ: ឆ្នាំ ២០១៨ ទៅដល់ខែឧសភា ឆ្នាំ២០២០។
លោកប្រធានសាធារណការស្រុកបានបញ្ជាក់ថា ស្ពាននេះពេលសាងសង់រួចដាក់ឲ្យដំណើរការនោះ នឹងមានប្រយោជន៍ជួយដល់វិស័យទេសចរណ៍ក៏ដូចជាជួយជំរុញឲ្យវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែរីកចម្រើន។ ខេត្តដែលនឹងត្រូវឆ្លងកាត់ស្ពាននេះច្រើនជាងគេគឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី។
អ្នកជំនាញរបស់ក្រុមហ៊ុនស៊ាងហៃ បានឲ្យដឹងថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺអាចនឹងសាងសង់រួចរាល់មុនកិច្ចសន្យាកំណត់ ព្រោះមកដល់ពេលនេះ សសរក្បាលស្ពានចំនួន ៦នៅខាងស្រុកក្រូចឆ្មារ ត្រូវបានសាសង់រួចហើយ គឺនៅសល់តែក្បាលស្ពាននៅខាងត្រើយខេត្តកំពង់ចាមប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖ ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មី ភ្ជាប់ខេត្ត២ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ