សម្តេច​ក្រុម​ព្រះ​​ ​​គ្រោង​​យាង​​មក​​កម្ពុជា​​ ក្នុងពេល​ឆាប់​ៗនេះ​

  • 2019-01-02 07:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះ​រាជ​សុខភាព​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឫទ្ធ អតីត​ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច បាន​វិលត្រឡប់​មក​រក​ភាព​ល្អប្រសើរ​វិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​ទទួល​ការ​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាច្រើន​ខែ ក្រោយពី​ព្រះអង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ខែ មិថុនា ឆ្នាំ​២០១៨​កន្លងទៅ​។ នៅ​សប្តាហ៍​ក្រោយ​ព្រះអង្គ នឹង​ចូល​ទៅ​ពិនិត្យ​សុខភាព​ចុងក្រោយ ហើយ​អាច​យាង​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក ណុប សុធា​រិទ្ធិ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​អះអាង​ថា ស្ថានភាព​ព្រះ​រាជ​សុខភាព​របស់​ស​ម្តេច​ក្រុមព្រះ មាន​ភាព​ល្អប្រសើរ​ឡើង​វិញ​ហើយ ដោយ​ព្រះអង្គ​អាច សោយ និង យាង​បាន​ធម្មតា​ឡើងវិញ​។ ​លោក​ថា នៅ​សប្តាហ៍​ក្រោយ​ក្រុម​គ្រូពេទ្យ​ នឹង​ពិនិត្យ​ព្រះរាជ​សុខភាព​ព្រះអង្គ​លើក​ចុងក្រោយ ហើយ​បើ​មាន​ការអនុញ្ញាត ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូប​នេះ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​កាលបរិច្ឆេទ​នៃ​ការ​យាង​មក​កាន់​មាតុប្រទេស​វិញ​របស់​សម្តេច​ក្រុម​ព្រះ​នៅឡើយ​ទេ​។​

សូម​ជម្រាប​​ថា សម្តេច​ក្រុម​ព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ​២០១៨​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ក្បួន​រថយន្ត​របស់​ព្រអ​ង្គ បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួលមរណភាព ខណៈ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ បាន​រង​របួស​ធ្ងន់​។

​របាយការណ៍​អង្កេត​បឋម​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​បង្ហាញ​ថា ហេតុការណ៍​ដែល​បាន​កើត​ឡើងលើ​សម្តេច​ក្រុម​ព្រះ គឺ​ជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ មិន​មែន​ជា​ករណី​ឃាតកម្ម​នោះ​ទេ​។

បច្ចុប្បន្ន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​បុត្រា​ច្បង​សម្តេច​ក្រុម​ព្រះ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ​ក្រៅពី​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី សម្តេច​ក្រុម​ព្រះ​ក៏​តែងតាំង​អគ្គ​លេខាធិការ​រង​ម្នាក់ ដែល​កាន់កាប់​ហិរញ្ញវត្ថុ​បក្ស គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា ឲ្យ​ធ្វើជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង​ដែរ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;