លោក ឃួង ស្រេង៖ ពីមុន​ស្ទះទឹក​២ថ្ងៃទើប​ហូរ​អស់ តែ​ពេលនេះ​មិនដល់​មួយ​ម៉ោង​ទេ

  • 2019-01-04 07:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​អះអាង​ថា សម្រាប់​ប្រព័ន្ធ​លូ​ប្រឡាយ​នាពេល​បច្ចុប្បន្ននេះ​ឃើញ​ថា ការ​រំដោះទឹក​មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ ដោយពី​មុន​ស្ទះទឹក​២ថ្ងៃ​ទើបហូរ​អស់ តែ​ពេល​នេះ មិនដល់​មួយម៉ោង​ផង ទឹក​បាន​ហូរអស់​ពីលើ​ផ្លូវ​ទៅហើយ។ តែទោះបី​ជាយ៉ាងណាក្តី​ លោក​ថា​​ការងារ​នេះគឺ​ត្រូវតែ​បន្ត​ធ្វើទៀត។ ការ​ថ្លែង​នេះ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធលូ​ក្នុង​ខណ្ឌ​ទាំង៤​កណ្តាល​ក្រុង ក្នុងឆ្នាំ​២០១៨ និង​ផែនការ​ឆ្នាំ២០១៩ កាលពីថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក ឃួង ស្រេង ថ្លែងក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ​២០១៩។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ២០១៩​នេះ អភិបាល​ខណ្ឌ មន្ទីរ​ជំនាញ ត្រូវ​សម្រុក​ជួសជុល​ផ្លូវ ស្តារលូ ស្តារ​ប្រឡាយ​ទាំងអស់​ឱ្យបាន​ល្អ​ក្នុង​រដូវប្រាំង​នេះ ដោយ​មានរយៈពេល​ត្រឹមតែ៣ខែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា ក្រៅពីនេះ អាជ្ញាធរ​ខណ្ឌ​ត្រូវចុះ​ណែនាំ​អប់រំ ប្រជាពលរដ្ឋ ពិសេស​អ្នកលក់​អាហារ​ហូបចុក ធ្វើយ៉ាងណា​កុំឱ្យ​ពួកគាត់​បោះ​កាកសំណល់​ចូលទៅក្នុង​អណ្តូងលូ។ លោក​ព្រមាន​ថា៖ «បើពួក​គាត់​មិនស្តាប់​ ត្រូវធ្វើ​កំណត់​ហេតុ ជា​លើកទី១ ជាមួយ​នឹង​វិធានការ​ផ្លូវច្បាប់​របស់​អន្តរ​ក្រសួង តែ​បើ​ពួកគាត់​នៅតែ​មិន​អនុវត្ត​តាមទៀត យើង​សម្រេច​បិទ​អាជីវកម្ម​លក់ដូរ​អាហារ​ហូបចុក​ពួកគាត់​តែម្តង»។

ជំនន់ទឹកភ្លៀង​ក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងមក

«ចំពោះ​ការងារ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យធ្វើច្រើន​លើកច្រើន​សារ​រួចមកហើយ តែហាក់​មិនមាន​សកម្មភាព​សោះ ដូច្នេះ​បើនៅតែ​មិនធ្វើ​ នៅឆ្នាំ​២០១៩​នេះ ទុកឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ជាអ្នក​ធ្វើម្តង»។ នេះជាការលើកឡើង​បន្ថែម​របស់​អភិបាល​រាជធានីភ្នំពេញ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;