ជំនួបកំពូល ដូណាល់ ត្រាំ-គីម ជុងអ៊ុន លើកទី២ អាចនឹងធ្វើឡើងនៅវៀតណាម
- 2019-01-08 08:26:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួបកំពូល ដូណាល់ ត្រាំ-គីម ជុងអ៊ុន លើកទី២ អាចនឹងធ្វើឡើងនៅវៀតណាម
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង អាចនឹងជួបប្រជុំគ្នាជាលើកទី២ នៅក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីលើកទី១ ធ្វើឡើងនៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង Munhwa Ilbo កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩។
ការអះអាងបែបនេះ ខណៈដែលរយៈពេលចុងក្រោយ មន្រ្តីសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានជួបប្រជុំគ្នាជាបន្តបន្ទាប់នៅក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២ ជាលើកទី២ នាពេលខាងមុខនេះ។
លោក ដូណាល់ ត្រាំ បានបង្ហាញក្តីរំពឹងនាពេលថ្មីៗនេះថា ជំនួបកំពូលលើកទី២ រវាងលោក និងលោក គីម ជុងអ៊ុន នឹងធ្វើឡើងនៅអំឡុងខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងទីតាំងមួយ ក្នុងចំណោម៣ទីតាំងដែលត្រូវជ្រើសរើស ប៉ុន្តែលោកមិនបញ្ជាក់ឈ្មោះទីតាំងនោះឡើយ។
គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ លោក Mark Lambert មន្រ្តីជាន់ខ្ពស់ការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ នេះបើតាម Yonhap ដកស្រង់ចេញពីប្រភពមួយនៅក្រុងវ៉ាស៊ីងតោន។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថា ដំណើរទស្សនកិច្ចនេះ មានជាប់ទាក់ទងនឹងកិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង ឬយ៉ាងណានោះទេ៕