រដ្ឋមន្រ្តី​សាធារណការ ប្ដេជ្ញា​បិទ​យានដ្ឋាន​កែច្នៃ​រថយន្ដខុស​បច្ចេ​កទេស​ឲ្យ​អស់​ក្នុង​ឆ្នាំ​២០១៩

  • 2019-01-10 02:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង​សាធារណការ បាន​ប្ដេជ្ញា​បិទ​យានដ្ឋាន​កែច្នៃ​រថយន្ដ​ខុស​បច្ចេកទេស​ឲ្យអស់​ក្នុង​ឆ្នាំ​២០១៩​នេះ​ ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត​ខុស​ស្តង់ដារ​បទដ្ឋាន​បច្ចេក​ទេស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ខូចខាត​ផ្លូវថ្នល់​ជាដើម​។ ការ​ថ្លែង​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៩ ខែម​ករា ​ឆ្នាំ​២០១៩។

​លោក​ទេសរដ្ឋមន្រ្តី ថែមទាំង​បញ្ជា​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​ពង្រឹង​វិធានការណ៍​ចុះ​ត្រួតពិនិត្យ​កន្លែង​កែច្នៃ​រថយន្ដ​ខុស​បច្ចេកទេស​នៅតាម​រាជធានី​ខេត្ត​-​ក្រុង​ស្រុក​-​ខណ្ឌ​ផងដែរ​។ ការណ៍​នេះ ដើម្បី​ឈានទៅដល់​បិទ​កន្លែង​ទាំងនោះ​ឲ្យអស់ បន្ទាប់ពី​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​វិថី និង​ខូចខាត​ផ្លូវ បណ្តាលមកពី​ការដឹក​លើស​ទម្ងន់ របស់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ជា​រៀងរាល់ថ្ងៃ​នោះ​។​

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
​ លោក​ស៊ុន ចាន់ថុល​បញ្ជាក់ថា នៅ​ទូទាំងប្រទេស​នៅមាន​យាន្តដ្ឋាន​កែច្នៃ​រថយន្តខុស​បច្ចេ​កទេស​រាប់រ​យ​កន្លែង ដែល​អត់​មាន​ច្បាប់ទម្លាប់ ដែលជា​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

លោក​បន្ត​ថា ក្នុង​១​ឆ្នាំៗ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់រយ​លាន​ដុល្លារ ដើម្បី​ជួសជុល​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដែល​ដើមហេតុ​ដោយសារតែ​ការដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​នៃ​រថយន្ត​កែច្នៃ​ត​ទ្រុង​សំពីងសំពោង​។​

យ៉ាងណា​ក៏ដោយ បើ​យោង​តាម​របាយការណ៍រ​បស់​អគ្គលេខាធិកា​រគណៈ​កម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោ​ក បាន​ឲ្យដឹង​ថា​ គិត​ត្រឹមត្រី​មាសទី​៣​ឆ្នាំ​២០១៨ កន្លងមក​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត បាន​ត្រួតពិនិត្យ​យានយន្ត​ទូទាំងប្រទេស​ចំនួន ៥៥ ៧៣៧​គ្រឿង ក្នុងនោះ​បាន​កាត់​ទ្រុង​ចំនួន​១៦៦​គ្រឿង ដោះ​រាន​ត​ក្រោយ​រថយន្ត​ចំនួន​១៨១​គ្រឿង និង​រថយន្ត​គ្មាន​ស្លាក​លេខ​ចំនួន​១២៩​គ្រឿង៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;