ក្រសួងសាធារណការ គ្រោងពង្រីកអាងបន្សុទ្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ
- 2019-01-10 02:46:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ គ្រោងពង្រីកអាងបន្សុទ្ធទឹកកខ្វក់ នៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងពង្រីកអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុង ព្រះសីហនុ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ក៏ដូចជាទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ ចូលទៅក្នុងសមុទ្រ ដែលធ្វើឲ្យខូចបរិស្ថាន និងប៉ះពាល់ទឹកសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ AKP កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារក្នុងឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី០៩ ខែមករា លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នបរិមាណនៃការបញ្ចេញទឹកកង្វក់នៅក្នុងខេត្តនេះ មានចន្លោះពី ២ម៉ឺន ទៅ ៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពអាងស្តុក អាចបន្សុទ្ធទឹកកខ្វក់នេះ ក្នុងមួយថ្ងៃ អាចគ្រប់គ្រងទឹកកង្វក់បានតែ ៦ពាន់ម៉ែត្រគូបប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបន្តថា ក្រសួងក៏បានឲ្យក្រុមហ៊ុនមួយចំនួន សិក្សាលើផែនការមេ សម្រាប់ការគ្រប់គ្រងទឹកស្អុយ នៅក្នុងក្រុងព្រះសីហនុ ក្រុងកែប កោះកុង កំពត បាត់ដំបង សៀមរាប ក្រុងតាខ្មៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ផងដែរ ដើម្បីឈានទៅកសាងអាងចម្រោះទឹកស្អុយទាំងនេះ ឲ្យបានលឿនបំផុត។ បញ្ហាទឹក កខ្វក់ហូរចូលសមុទ្រ ជាក្តីបារម្ភខណៈខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ដែលមានសក្តានុពលផ្នែក ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះ កំពុងមានការអភិវឌ្ឍយ៉ាងគំហុក មានសំណង់អគារពាណិជ្ជកម្ម ខុនដូ និងសណ្ឋាគារផ្កាយ៣ ផ្កាយ៥ កំពុងសាងសង់ និងដំណើរការអាជីវកម្មរបស់ខ្លូន នៅលើទឹកដីខេត្តមាត់សមុទ្រមួយនេះ។
លោករដ្ឋមន្ត្រីបន្តទៀតថា កន្លងមករដ្ឋបាលខេត្តនេះ បានផ្សព្វផ្សាយ និងជំរុញម្ចាស់ទីតាំងឧស្សាហកម្មទេសចរណ៍ អគារពាណិជ្ជកម្មធំៗ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ ឲ្យធ្វើអាងប្រព្រឹត្តិកម្ម ដើម្បីចម្រោះជាតិកខ្វក់ មុននឹងបង្ហូរចូលទៅលូសមុទ្រ ក៏ប៉ុន្តែម្ចាស់ទីតាំងអាជីវកម្មមួយចំនួន បានចូលរួមសហការជាមួយរដ្ឋបាលខេត្ត តែមួយចំនួនមិនទាន់បានអនុវត្តនោះទេ៕