រដ្ឋមន្រ្តី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ពន្លឿនរៀបចំសោភ័ណភាព ត្រៀមបុណ្យទន្លេ
- 2019-01-11 02:48:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ពន្លឿនរៀបចំសោភ័ណភាព ត្រៀមបុណ្យទន្លេ
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ពន្លឿនការរៀបចំសោភ័ណភាពក្នុងខេត្ត ដើម្បីត្រៀមឆ្ពោះទៅរកការរៀបចំបុណ្យទន្លេលើកទី៥ ដែលខេត្តនេះធ្វើជាម្ចាស់ផ្ទះ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ស្តីពីការត្រៀមរៀបចំបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តផងដែរ។
លោករដ្ឋមន្រ្តី បន្តថា ការរៀបចំបុណ្យទន្លេ ជាឱកាសដ៏ល្អប្រសើរបំផុត ក្នុងការលើកកម្ពស់ ការយល់ដឹងជាសាធារណៈ ពីការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការចូលរួមសម្អាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់នានា ឱ្យមានសោភ័ណភាពស្អាត ភាពញញឹម រួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចល្អ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ជាដើម ។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនេះ គ្រោងនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យដឹងថា ក្នុងពិធីនេះ នឹងមានព្រឹត្តិការណ៍ និងសកម្មភាពកីឡា វប្បធម៌ ទេសចរណ៍ ដោយបញ្ចូលទាំងការតាំងពិព័រណ៍ ផលិតផលខ្មែរ សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគុំតន្រ្តី និងសកម្មភាពផ្សេងៗជាច្រើនទៀត៕