ក្រុមហ៊ុន​ចិន សម្រេច​បោះទុន​ជិត ២ពាន់​លាន​ដុល្លារ​ វិនិយោគ​បន្ថែម​ក្នុងខេត្ត​កោះកុង

  • 2019-01-11 06:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចិន Union Group នឹង​បន្ត​បោះទុន​ចំនួន ១៩០០លាន​ដុល្លារ​បន្ថែម​ទៀត វិនិយោគ​ក្នុងខេត្ត​កោះកុង នៅឆ្នាំ​២០១៩ លើ​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ កំពង់ផែ​អន្តរជាតិ កំពង់ផែ​ទេសចរណ៍ ទីលាន​កូនហ្គោល និង​តំបន់​ទេសចរណ៍​ជាប់​មាត់សមុទ្រ​ជាច្រើន​កន្លែង​ទៀត ដែល​គ្រប​ដណ្តប់​លើផ្ទៃដី ២៥គីឡូម៉ែត្រ​៤ជ្រុង ។ នេះបើតាម​ការ​លើកឡើង​របស់​កញ្ញា Lin Wang នាយក​ទីផ្សារ​ក្រុមហ៊ុន Union Group ក្នុង​ពិធី​បង្ហាញ​គម្រោង​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៩។

កញ្ញា​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «ថ្ងៃនេះ (ថ្ងៃ១០មករា) យើង​ផ្តោតលើ​ការ​បើក​គម្រោង​ទីក្រុង TEMI រីសត​ទេសចរណ៍ ព្រោះ​ TEMI ស្ថិតក្នុង​បេះដូង​នៃ​តារាសាគរ​ទាំងមូល។ អ៊ីចឹង ដើម្បី​ឲ្យ​គេ​ដឹង គេ​ស្គាល់ ជាលើក​ដំបូង​ឲ្យគេរើស​កន្លែង​ដែលល្អ​ដើម្បី​លក់​ជាលើក​ដំបូង។ គោល​ដៅ​ចូលមក​នៅ​របស់យើង​ គឺគ្រប់​ពូជសាសន៍​ទាំងអស់​មិនមែន​តែ​ចិន ឬខ្មែរ​ទេ គឺផ្តល់​ឲ្យគ្រប់​ជាតិ​សាសន៍ លើ​ពិភពលោក​ អាចទិញ​បាន​ដូចគ្នា មាន​លក្ខណៈ​ជាវីឡា វិនិយោគ ឬទិញដី​សម្រាប់​ការសាងសង់​ខ្លួនឯង ក៏បាន​ដែរ មាន​៣ជម្រើស»។

បើតាម​នាយក​ទីផ្សារ​រូបនេះ ឱ្យដឹង​ថា គម្រោង​ទីក្រុង TEMI មាន​ផ្ទៃដី​ជាង​៥គីឡូម៉ែត្រ ស្ថិតនៅ​ចំ​បេះដូង​នៃ​តំបន់​តារាសាគរ​ទាំងមូល មាន​លក្ខណៈ ជា​វីឡា​រីសត អូប័រ​ទេសចរណ៍ ទូក​កម្សាន្ត ប្រហែល​ជាង​១០០០។ គម្រោង​នេះ មាន​រយៈពេល ១០ឆ្នាំ ហើយ​នៅពេល​សាងសង់​រួច ទីក្រុង​នេះ​នឹង​អាចផ្ទុកមនុស្ស​បាន ៣០ម៉ឺន​នាក់។ បច្ចុប្បន្ន​ទីក្រុង​នេះ កំពុង​ត្រូវបាន​សាងសង់​ដែលនឹង​ចេញជា​រូបរាង ជាផ្ទះ​គំរូ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;