ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ហើយ

  • 2019-01-14 01:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវក្រវាត់​ក្រុង​ទី៣ ប្រវែង​ជិត​៥៣គីឡូម៉ែត្រ ដែលឆ្លងកាត់​​ផ្លូវ​ជាតិ​លេខ៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ១​ ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបាន​បើកការដ្ឋាន​សាងសង់ហើយ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៩។ ពិធីនេះ ធ្វើឡើង​ក្រោមអធិបតីភាព​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ២។

ផ្លូវ​នេះ ត្រូវ​ចំណាយ​ការសាងសង់​ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

រូបគំរូផ្លូវក្រវាត់ក្រុងទី៣
គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែទី៣​នេះ ឆ្លងកាត់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ជាង ១៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្រ្ត​ខេត្ត​កណ្តាល ប្រវែង​ជិត ៣៨​គីឡូម៉ែត្រ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវជាតិ​លេខ៤ និង​ចំណុច​ចុង​បញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិ​លេខ១។ ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់ទៅ ២៧ម៉ែត្រ​សម្រាប់​ទីប្រជុំជន សម្រាប់​ក្រៅទីប្រជុំជន​វិញ មាន​ទំហំ​ទទឹង​ផ្លូវ ២៥​ម៉ែត្រ មានដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់ផ្លូវ​ក្រៅក្រុង។

ផ្លូវ​ក្រវាត់ក្រុង​ទី៣ គឺជាផ្លូវ​ដ៏​សំខាន់​ក្នុងការ​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​ជួយសម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ លើសពីនេះ​ទៀត​ការសាងសង់​ផ្លូវ​នេះ គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​តភ្ជាប់ផ្លូវ​អាស៊ាន​ហាយវ៉េ និងផ្លូវ​របៀង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​មហាអនុ​តំបន់​មេគង្គ រួមចំណែក​ក្នុងការ​សម្រួល​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ប្រែក្លាយ​ទឹកដី​ដែលនៅ​សងខាងផ្លូវ​ខ្សែក្រវាត់ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍន៍​ថែមទៀត​ផង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;