លម្អិតអំពីផ្លូវក្រវាត់ក្រុងទី៣ ដែលមាន៤គន្លង
- 2019-01-14 06:58:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតអំពីផ្លូវក្រវាត់ក្រុងទី៣ ដែលមាន៤គន្លង
ចន្លោះមិនឃើញ
ផ្លូវក្រវាត់ក្រុងខ្សែទី៣ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ងត៍សរសៃដែក និងផ្លូវខ្នែងតភ្ជាប់ប្រវែង ៥,៣គីឡូម៉ែត្រក្រាលបេតុងកៅស៊ូ)។ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ប្រវែង ១៥,៤២គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែង៣៧,៥៥គីឡូម៉ែត្រ។
គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៧៣លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ការសាងសង់នេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនសំណង់ Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈពេលសាងសង់ចំនួន ៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ តភ្ជាប់ចាប់ពីផ្លូវជាតិលេខ៦ កាត់តាមមហាវិថីឈ្នះឈ្នះ និងស្ពានព្រែកព្នៅ។ ផ្លូវនេះឆ្លងកាត់ពីផ្លូវជាតិលេខ៤ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន ដោយមានស្ពានចំនួន២ និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ដែលមានចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤ + ៨៤០។ ផ្លូវនេះ នឹងក្លាយជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើដល់ការដឹកជញ្ជូនរវាងរាជធានីភ្នំពេញ ពិសេសតភ្ជាប់ទៅចំណតផែកុងតេន័រថ្មី របស់កំពងផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ។
ផ្លូវក្រវាត់នេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន (ប្រវែង ២,៨គីឡូម៉ែត្រ) និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ (ប្រវែង ៤៤,៨គីឡូម៉ែត្រ) ដោយមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។
សម្រាប់ទីប្រជុំជន៖ ផ្លូវនេះមាន៤គន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ (២ទៅ២មក) ដោយគន្លងនីមួយៗមានទទឹង ៣,៥ម៉ែត្រ និង២គន្លងសម្រាប់ម៉ូតូ (១ទៅ១មក) ដោយគន្លងនីមួយៗមានទទឹង ២,២៥ម៉ែត្រ ព្រមទាំងខឿន និងសួនពុះចែកទ្រូងផ្លូវ មានទំហំទទឹង ៣,៥ម៉ែត្រ និងផ្លូវថ្មើរជើងសងខាង ២,២៥ម៉ែត្រ។
សម្រាប់ក្រៅទីប្រជុំជន៖ ផ្លូវនេះមាន ៤គន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ (២ទៅ២មក) ដោយគន្លងនីមួយៗមានទទឹង ៣,៥ម៉ែត្រ និង២គន្លងសម្រាប់ម៉ូតូ (១ទៅ១មក) ដោយគន្លងនីមួយៗមានទទឹង ២,២៥ម៉ែត្រ ព្រមទាំងខឿន និងសួនពុះចែកទ្រូងផ្លូវ មានទំហំទទឹង ៣,៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ១,៥ម៉ែត្រ។
ស្ពាននៃគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ មានចំនួន២ ដែលឆ្លងកាត់ទន្លេបាសាក់ គឺមួយតភ្ជាប់ពីឃុំសិត្បូត៍ ទៅកាន់កោះអន្លង់ចិនដែលមានប្រវែង៣៦៦ម៉ែត្រ និងមួយទៀតតភ្ជាប់ពីកោះអន្លង់ចិន ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយ មានប្រវែង៦៣០ម៉ែត្រ។ គម្រោងនៃផ្លូវនេះ ក៏មានការសាងសង់ស្ពានអាកាសចំនួន៤ផងដែរ ឆ្លងកាត់ផ្លូវជាតិលេខ៤, លេខ៣, លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន