ត្រី​សំខាន់ៗ​នៅ​កម្ពុជា​បាន​ថយចុះ និង​អាច​ឈាន​ទៅរក​ការ​ផុតពូជ

  • 2019-01-15 06:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ​ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​អ្នកនេសាទ​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ហើយ​ពូជ​ត្រី​សំខាន់ៗ​មួយចំនួន​ បាន​នឹង​កំពុង​រង​ការ​ផុត​ពូជ​ ដោយសារ​អ្នកនេសាទ​ខ្លះ ​លួច​នេសាទ​ នៅតាម​អន្លង់​អភិរក្ស​ បង្ក​ផល​ប៉ះពាល់​ដល់​ពូជ​ត្រី​ ពិសេស​ការប្រើប្រាស់​ឧបករណ៍​ល្មើស​ច្បាប់​​តែម្តង​។​

លោក​បន្តថា​ អន្លង់​ជ្រៅៗ​តាម​ដង​ទន្លេ​នីមួយៗ​ក្នុង​ខេត្ត​នេះ ​គឺជា​ជម្រក​ត្រី​បន្ត​ពូជ​យ៉ាងសំខាន់​។​ ត្រី​ខ្លះ​ដូចជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់ ត្រី​នាគ ត្រី​ស្ទក់ ពិសេស​ត្រី​ប៉ា​វ៉ា​និង​ត្រី​ប៉ា​ស៊ី​អ៊ី​មានឈ្មោះ​ល្បី​នៅ​ខេត្តស្ទឹងត្រែង ​កំពុង​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរឲ្យ​បារម្ភ​ជាខ្លាំង​។​

«ដូច្នេះ​ទើប​តម្រូវឲ្យ​យើង​ទាំងអស់​គ្នា​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​និង​ជំនាញ​ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​រួមគ្នា​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ ធ្វើ​ម៉េច​កុំឲ្យ​ធនធាន​ទាំងអស់​នេះ​ថមថយ​ទៅ ​ឬ​ក៍​ឈានទៅរក​ការ​ដាច់​ពូជ»។ នេះជាការ​អំពាវនាវ​របស់​លោក ទុំ នីរ៉ូ។

ចំណែក​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​សង្កាត់​សាមគ្គី​លោក ​ឆែម ​ប៊ុ​ន​ធឿន​ ក៏​បាន​អះអាងដែរ​ថា​ បច្ចុប្បន្ន​ប្រភេទ​ត្រី​សំខាន់ៗ​សម្រាប់​ការធ្វើ​នេសាទ​ ជា​លក្ខ​ណៈ​គ្រួសារ​កម្រ​បាន​ជួបប្រទះ​ណាស់​។​ នេះ​គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ភាព​បាត់បង់​ទៅៗ​។​

លោ​កថា​ កត្តា​នេះ​សូម​ប្រជា​នេសាទ​គួរ​ចូលរួម​គោរព​ច្បាប់​ជលផល​ទាំងអស់គ្នា ឲ្យបាន​គ្រប់​រដូវ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ហើយ​ងាក​ត្រឡប់មក​ប្រើប្រាស់​មង ឬ​ដាក់​សន្ទូច លប ទ្រូ ។​ល​។​ ជា​លក្ខ​ណៈ​គ្រួសារ​វិញ។

​លោក ​ឆែម ​ប៊ុ​ន​ធឿន និយាយ​យ៉ាងដូច្នេះ​ថា៖ «កុំទៅ​នេសាទ​នៅ​កន្លែង​អន្លង់​អភិរក្ស​ ដើម្បី​ការពារ​ត្រី​មេ​ពូជ​ដូចជា​ត្រី​ប៉ា​សេ​អ៊ី ត្រី​គល់រាំង​ជាដើម​។​ កុំ​ប្រើប្រាស់​ឧ​បក​ណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឆក់​បំពុល គប់​គ្រាប់​។ ​យើង​ត្រូវ​ចូលរួម ទប់ស្កាត់ និង​កាត់បន្ថយ​ការនេសាទ​ត្រី​មេ​ពូជ នៅក្នុង​ទន្លេ​និង​ជួយ​អភិរក្ស​ទាំងអស់គ្នា»។

បើតាម​លោក​ផល លុយ មន្ត្រី​អង្គការ​សេ​ប៉ា​ប្រចាំខេត្ត​ស្ទឹងត្រែង ​និយាយថា​ ខាង​អង្គការ​ជា​ដៃគូ​កំពុង​ធ្វើ​សកម្មភាព​ពង្រឹងសមត្ថភាព​ដល់​ប្រជា​សហគមន៍ ​និង​ប្រជាកសិករ​ដើម្បី​បង្កើតឲ្យមាន​មុខរបរ​ប្រចាំ​គ្រួសារ​ដូចជា​ការចិញ្ចឹម​ត្រី បង្កើត​សួន​បន្លែ​ប្រចាំ​គ្រួសារ​ជាដើម​សម្រាប់​ជួ​យ​គាត់​ឱ្យ​ងាក​មក​ប្រកប​របរ​នេះ​វិញ ​ទើប​អាច​ការពារ​ធនធាន​មច្ឆជាតិ​នេះ​បាន​។​

គួរ​ជម្រាប​ថា​ នៅ​ឆ្នាំ​២០១៨​ ខណ្ឌ​ជលផល​ បាន​អប់រំ​ប្រជា​អ្នកនេសាទ​ចំនួន ៥៨០​នាក់​ បង្ក្រាប​បទល្មើស​ដកហូត​បាន​មង​២៥៧​ត្បូង​ស្មើនឹង ​៥១ ៩៣៩​ម៉ែត្រ​ ក្បាល​ឆក់​១១​គ្រឿង​ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​អនុវត្តតាម​និតិ​វិធី​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;