CV11 ឈ្នះ​កីឡាករ​សិង្ហបុរី ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​លេខ​៣ នៅ​លីគ​កំពូល​​ម៉ាឡេស៊ី​

  • 2019-01-15 06:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​បឹង​កេត ​បាន​ប្រកាស​តាម​រយៈ​ពេល​វីដេអូ​អរគុណ​ដល់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា (CV11) ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី PKNS FC ​របស់​លីគ​កំពូល​ម៉ាឡេស៊ី បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ផ្ទេរ​ទៅ​កាន់​ក្លឹប​នេះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។ ការប្រកាស​នេះ ​គឺ​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា ក្លឹប PKNS បាន​ពិនិត្យ​លើ​លទ្ធភាព​​ក្នុង​ការ​នាំ​យក​កីឡាករ​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​ ២នាក់ គឺ​ ចាន់ វឌ្ឍនាការ និង​កីឡាករ​ Gabriel Quak របស់​ក្រុម​ជម្រើសជាតិ​​នៅ​សិង្ហបុរី។

កីឡាករ Gabriel Quak និង ចាន់ វឌ្ឍនាកា
យោង​តាម​វេបសាយ​ Fox Sports Asia ចុះ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ បាន​ឲ្យដឹង​ថា លោក Datuk K. Rajagobal គ្រូ​បង្គោល​ក្លឹប​ម៉ាឡេស៊ី​ខាងលើ បាន​ចាប់​អារម្មណ៍​លើ ​កីឡាករ​ដែល​មាន​រហស្សនាម​ថា​ CV11 ដើម្បី​យក​ទៅ​បំពេញ​កូតា​កីឡាករ​អាស៊ាន​ សម្រាប់​រដូវកាល​២០១៩​ ខាងមុខ​នេះ​។ យ៉ាងណាក៏ដោយ​ ក្លឹប​ PKNS មិនទាន់​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ ពី​ការ​នាំ​យក​ CV11 ទៅ​ចូលរួម​ជាមួយ​ខ្លួន​នោះទេ។​

សូម​រំឭក​ថា PKNS ជា​ក្លឹប​ដែល​បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣ នៅ​លីគ​កំពូល​ម៉ាឡេស៊ី កាលពី​រដូវកាល​២០១៨ ដោយ​ឈរ​នៅ​លើ​ ក្លឹប​លេខ​៤​ Pahang FA ដែល​ជា​អតីត​ក្លឹប​ដែល ចាន់ វឌ្ឍនាកា ធ្លាប់​ប្រកប​អាជីព​នៅ​ទីនោះ​។ ក៏ប៉ុន្តែ Pahang និង វឌ្ឍនាកា បាន​ចែក​ផ្លូវ​គ្នា​កាលពី​ពាក់​កណ្ដាល​រដូវ​កាល​២០១៨។

ចាន់ វឌ្ឍនាកា ​ដែល​ផ្ទេរ​ចេញ​ពី​ក្លឹប​បឹង​កេត ក៏​ធ្លាប់​ចេញ​ទៅ​ប្រកប​អាជីព ​នៅ​ជប៉ុន​នៅ​លីគ​លំដាប់​ទី​៣ ផង​ដែរ គឺ​លេង​នៅ​ក្លឹប​ Fujieda MYFC​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;