គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ល្ពៅ​ ​កម្ពុជា-ឡាវ ត្រូវ​បាន​សិក្សា​រួច​រាល់

  • 2019-01-15 07:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះវិហារ បាន​ឲ្យដឹង​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ល្ពៅ តភ្ជាប់​កម្ពុជា-ឡាវ អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​ខាង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ បាន​សិក្សា​រួច​ហើយ រួម​ទាំង​ទីតាំង។ ​វា​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ ដែល​នឹង​ក្លាយជា​សរសៃ​ឈាម​សេដ្ឋកិច្ច បម្រើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​។

លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​ព្រះវិហារ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ (រូបថត៖ រស្មីកម្ពុជា)
ពាក់ព័ន្ធ​នឹង​ការងារ​សាងសង់​ស្ពាន​ទន្លេ​ល្ពៅ​នេះ​ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ស្ពាន​នេះ​លេច​ជា​រូបរាង ស្ពាន​នេះ​នឹង​ធ្វើ​ឲ្យ​ខេត្ត​ព្រះវិហារ កាន់​តែ​មាន​មុខ​មាត់ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង រវាង​ប្រទេស និង​ប្រទេស ការ​វិនិយោគ ការ​ផ្លាស់ប្ដូរ​ទំនិញ ទេសចរណ៍ ពិសេស​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជា​ធំ​។

ស្ពាន​ឆ្លង​ទន្លេ​ និង​ឆ្លង​ប្រទេស​នេះ គឺ​ជា​គម្រោង​ស្ពាន​បេតុង ដែល​ស្ថិត​ក្នុង​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ជាប់​ព្រំ​ប្រទល់​ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ។

ទាក់ទង​នឹង​ការ​សាងសង់​ស្ពាន​នេះ​ដែរ​ លោក សំ លាង ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ដែរ​ថា ស្ពាន​ទន្លេ​ល្ពៅ ដែល​គ្រោង​សាងសង់​នេះ មាន​ប្រវែង​ប្រមាណ​ជាង ​១០០​ម៉ែត្រ ទទឹង​ជាង ១០ម៉ែត្រ គ្រោង​ចំណាយ​ប្រមាណ ២លាន​ដុល្លារ​អាមេរិកជាមួយ​នឹង​ការ​សាងសង់​ផ្លូវ​កៅស៊ូ​ប្រភេទ DBST ប្រវែង​ប្រមាណ ៧៥​គីឡូម៉ែត្រ ទៅ​គល់​ស្ពាន​នេះ​ផងដែរ​។

លោក​បន្ត​ថា តំបន់​នេះ ក៏​នឹង​ក្លាយ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​សំខាន់ បម្រើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ពិសេស ទេសចរណ៍ ជាមួយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ហុងកុង លើ​ទឹក​ប្រាក់​ប្រមាណ ៤ពាន់​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;