ក្រុមនគររាជសីមា ទម្លាក់ Port FC ឡើង​ជួប​ភ្នំពេញក្រោន ក្នុង​ពាន LEO Pre-season Cup

  • 2019-01-16 03:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Nakhonratchasima Mazda FC បានយកឈ្នះក្រុមក្នុង​លីគ​កំពូលថៃដូចគ្នា​ គឺក្រុម Port FC ដោយលទ្ធផល ១-០ ក្នុង​វគ្គជម្រុះ Qualifier Stage នៃ​ពាន​រង្វាន់ LEO Pre-season Cup ឆ្នាំ២០១៩ កាលពីថ្ងៃទី១៥​ ខែមករាម្សិលមិញ។

លទ្ធផលនេះ ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​នគររាជសីមាមួយនេះ ត្រូវ​ឡើង​ជួប​ក្រុម​ជើងឯក ៦សម័យ​របស់​កម្ពុជា ភ្នំពេញក្រោន នាវគ្គ ៨ក្រុម​ចុងក្រោយ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

ក្រុម Nakhonratchasima Mazda FC ជាក្រុម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៧ ក្នុង​លីគ​កំពូល​ថៃ (Thai League 1) កាលពីរដូវកាលមុន។ មុន​យក​ឈ្នះ Port FC ដែល​ជា​ក្រុម​ជាប់​លេខ៣ នៅ Thai League 1 ក្រុម​នេះក៏បានយកឈ្នះ​ក្រុម Nong Bua Pitchaya FC ២-០ ផងដែរ ក្នុង​វគ្គ Play-off។

ការប្រកួត​រវាង​ Nakhonratchasima Mazda FC និងភ្នំពេញក្រោន នឹងធ្វើឡើង​នៅ​កីឡដ្ឋាន 80th Birthday Stadium នៅ​ក្នុង​ខេត្ត​នគររាជសីមា ដែល​ជា​ទឹកដី​នៃ​ក្រុម Nakhonratchasima និងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ និងទំព័រហ្វេសប៊ុក True4U។ វិបសាយ​ផ្លូវការ​របស់ភ្នំពេញក្រោន បានបញ្ជាក់ថា ក្រុម​កីឡាករ​ឈុតធំ​ភ្នំពេញក្រោន នឹងធ្វើដំណើរចាកចេញពីកម្ពុជា នាថ្ងៃទី១៧ ខែមករាស្អែកនេះ។

សូម​បញ្ជាក់ផងដែរថា មុន​ធ្វើដំណើរ​ចេញទៅ​​ប្រកួត​ពានរង្វាន់ LEO Pre-season Cup ភ្នំពេញក្រោន បានប្រកួត​មិត្តភាព​ក្នុងស្រុកចំនួន ៤ប្រកួតផងដែរ ដោយ​ទទួល​លទ្ធផល ឈ្នះ ៣ និងស្មើ១ គឺស្មើ​ក្រុម African All-star ១-១, ឈ្នះ ណាហ្គាវើល ៣-២, ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៣-០ និងឈ្នះគិរីវង់សុខសែនជ័យ ៣-១៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;