យឹម តាស្រង់ បញ្ជាក់​មូលហេតុ​ពិត​រឿង​ដើរចេញ​ពី​ថោន​

  • 2019-01-17 07:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដំណឹង​ល្ហិច​ល្ហៀង​ពី​ការ​ចាក​ចេញ​របស់​អ្នក​និពន្ធ​ទំនុក​ច្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ផលិត​កម្ម​ថោន គឺ​លោក ​យឹម តា​ស្រង់ ត្រូវ​បាន​ម្ចាស់​សាម៉ី​ខ្លួន​ទទួល​ស្គាល់​ថា ជា​ការ​ពិត។ ​លោក​បាន​ប្រាប់​ថា ​បាន​ដើរ​ចេញ​ពី​ទ្រនំ​មួយ​នេះ​ ដោយ​ស្ងាត់​ៗ ​អស់​ពេល​ជាង​៤ ទៅ ៥ ​ខែ​មក​ហើយ។

​សម្រាប់​មូល​ហេតុ​វិញ ​លោក​អះអាង​ថា មិន​មាន​ការ​អាក់​អន់​ចិត្ត ឬ​ខឹង​អ្វី​ជាមួយ​ម្ចាស់​ផលិត​កម្ម​ថោន​ឡើយ ​តែ​ម្ចាស់​និពន្ធ​បទ​ "មួយ​ណា​ក៏​ដូច​មួយ​ណា​" ​រៀប​រាប់​ថា មក​ពី​លោក​ចង់​រក​ផ្លូវ​ដើរ​មួយ​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ធ្វើ​ការ​ឲ្យ​គេ​ជាង​១០​ឆ្នាំ​មក​ហើយ។ ​បើ​និយាយ​ពី​ទំនាក់​ទំនង​របស់​លោក​ និង​ទ្រនំ​ចាស់​វិញ ​នៅ​តែ​ល្អ​ប្រសើរ មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ឡើយ។

ពេល​នេះ ​លោក យឹម តា​ស្រង់ ​បាន​ងាក​មក​បើក​ក្រុម​ហ៊ុន​ខ្លួន​ឯង ​មាន​ឈ្មោះ​ថា "Home Music” ដែល​ផ្ដោត​លើ​ចម្រៀង ​​កំប្លែង​ៗ​ និង​កម្មវិធី​កម្សាន្ត​​ផ្សេងៗ។ ​ក្នុង​ក្រុម​ហ៊ុន​របស់​លោក ​ក៏​ប្រមែ​ប្រមូល​បាន​តារា​ចម្រៀង​ល្បី​ៗ​មក​ចូល​រួម​ដូច​ជា ​កុមារា ឃឿន បូ​រី ​អ្នក​នាង រ័ត្ន រចនា និង​តារា​ចម្រៀង​​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។ ការ​បើក​ក្រុម​ហ៊ុន​ថ្មី​នេះ លោក​សង្កត់​ធ្ងន់​ថា ​មិន​បាន​តាំង​ចិត្ត​ចង់​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​ ឬ​ផលិត​កម្ម​ណា​នោះ​ឡើយ ​ដោយ​លោក​ធ្វើ​វា​ឡើង​ដោយ​ខ្លួន​ឯង តាម​ក្ដី​ស្រលាញ់​និង​ចំណង់ចំណូលចិត្ត​​ប៉ុណ្ណោះ។​

​​លោក​ប្រាប់​ថា តាម​ពិត​មាន​ផលិត​កម្ម​ធំ​ៗ​ជា​ច្រើន​បាន​ទាក់​ទង​មក​ ឲ្យ​​ធ្វើ​ការ​ជាមួយ ប៉ុន្តែ​លោក​បាន​បដិសេធ​ទាំង​អស់។ ហេតុ​ផល ​ព្រោះ​លោក​លែង​មាន​អារម្មណ៍​ធ្វើការ​ឲ្យ​គេ​ទៀត​ហើយ ឆន្ទៈ​របស់​លោក​តា​ស្រង់​ពេល​នេះ ​គឺ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ និង​បំពេញ​ក្ដី​ស្រលាញ់​ខ្លួន​ឯង ដែល​ប្រឡូក​ក្នុង​វិស័យ​នេះ ​យូរ​ឆ្នាំ៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;