ក្រសួង​បំភ្លឺ​ជុំវិញ​ព័ត៌មាន «ក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើភ្នំឈើកាច់ដោយ​គ្មាន​ច្បាប់ និងកាយថ្ម​លើភ្នំ»

  • 2019-01-18 07:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី «ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​លើភ្នំ​ឈើកាច់​ក្នុងខេត្ត​ព្រៃវែងដោយគ្មាន​ច្បាប់ និង​បាន​រក្សាទុក​គ្រឿង​ផ្ទុះ​មិនមានការ​ប្រុងប្រយ័ត្ន» និង​ «ក្រុមហ៊ុន​ចិន​បន្លំ​ដេក​កន្ទេល​ធំ​កាយថ្ម​លើ​ភូមិ​ឈើកាច់» ក្រសួង​រ៉ែ និង​ថាមពល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បំភ្លឺ​ដូចខាងក្រោម៖

-ទីតាំង​អាជីវកម្ម​ខាងលើ​គឺ​ស្ថិតនៅ​តំបន់​ភ្នំស្វាយសាមសិប ឃុំ​ជើងភ្នំ ស្រុកបាភ្នំ ខេត្ត​ព្រៃវែង មិន​មែន​នៅលើ​ភ្នំឈើកាច់ (តំបន់​អភិរក្ស) ដូចការ​ចុះផ្សាយ​របស់​សារព័ត៌មាន​កន្លងមក​នោះទេ។

-ក្រុមហ៊ុន SAMNANG LONG NAM EXIM Co., Ltd ទទួលបាន​អាជ្ញាបណ្ណ​អណ្តូងរ៉ែ​បើកការដ្ឋាន​វាយ​ថ្ម ពីក្រសួងរ៉ែ និង​ថាមពល មិនមែន​ជាក្រុមហ៊ុន​ដែលគ្មាន​ច្បាប់ដូចការ​ចុះផ្សាយ​ឡើយ។ ក្រុមហ៊ុន​នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ HONG FONG INDUSTRIAL ដើម្បី​កិនថ្ម​យកទៅ​ផ្គត់ផ្គង់​ការ​សាងសង់​ផ្លូវជាតិ​លេខ១១ ចាប់ពី​អ្នកលឿង​ទៅដល់​ស្វាយអន្ទរ និង​ផ្លូវជាតិលេខ១៣ ចាប់ពីស្វាយរៀង​ទៅដល់ស្រុក​រមាស​ហែក។

-ចំពោះ​បញ្ហា​ហុយ​ធូលី​លើ​ផ្ទះ​ប្រជាពលរដ្ឋ ក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើការ​ណែនាំ​ឱ្យ​ក្រុមហ៊ុន​បង្កើន​ការប្រើប្រាស់​ប្រព័ន្ធ​បន្សើម​ពេល​ដំណើរការ​កិនថ្ម និង​ធ្វើការ​ស្រោច​ទឹក​តាមផ្លូវ​ចេញ-ចូល​ការដ្ឋាន​ ក្រសួង​នឹង​បន្ត​តាមដាន​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ជាប្រចាំ ក្នុងករណី​ការហុយធូលីនេះ នៅតែ​បន្ត​កើតឡើង ក្រសួង​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ក្រុមហ៊ុន។

-ដោយ​ឡែក​ការ​គ្រប់គ្រង​បរិមាណ​រំសេវ និង​ការស្តុកទុក​សម្ភារៈ​បំផ្ទុះ​ថ្ម គឺ​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ពង្រឹង​ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​រំសេវ​ទាំងនោះ​នៅការដ្ឋាន​ថ្ម​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ធានា​បាននូវ​សុវត្ថិភាព​ដល់​កម្មករ​ក្នុងការដ្ឋាន និង​ប្រជាពលរដ្ឋ​ជុំវិញ​ការដ្ឋាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;