Son សារភាព​ថា ខ្លួន​អស់​កម្លាំង​និង​ដេក​មិន​គ្រប់​គ្រាន់​ ទើប​ធ្វើឱ្យ​កូរ៉េ​ខាងត្បូង ធ្លាក់​ពី AFC Asian Cup

  • 2019-01-28 06:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ក្រុម​កូរ៉េខាងត្បូង បាន​ធ្លាក់ចេញ​ពី​ពានរង្វាន់​ប្រចាំ​ទ្វីប​អាស៊ី ក្រោមថ្វីជើង​ក្រុម​កាតា កីឡាករ Son Heung-min បាន​សារភាព​ថា គឺ​ដោយសារ​ស្ថានភាព​រាងកាយ​របស់ខ្លួន​មាន​ការ​ចុះខ្សោយ ទើប​ធ្វើឱ្យ​ធ្លាក់​ទម្រង់​លេង។

ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង​វ័យ ២៦ឆ្នាំ​រូបនេះ បាន​និយាយ​ថា ការអស់​កម្លាំង និង​ខ្វះការ​ដេក​ឱ្យបាន​គ្រប់គ្រាន់​ បាន​ធ្វើឱ្យ​ការលេង​របស់ខ្លួន​ធ្លាក់​ចុះ ក្នុងការ​ប្រកួត​នេះ ហើយ​បណ្តាល​ឱ្យក្រុម​ទទួល​លទ្ធផល​មិនល្អ។ «ខ្ញុំហាក់​គ្មាន​កម្លាំង​អ្វី​ទាល់តែសោះ។ ខ្ញុំពិត​ជាមាន​ការ​សោកស្តាយ ចំពោះ​មិត្តរួមក្រុម គ្រូ​បង្វឹក និង​អ្នកគាំទ្រ ដែល​ធ្វើឱ្យ​ក្រុម​ធ្លាក់»។

Son ដែល​ជាខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម១រូប​របស់ Tottenham Hotspur បាន​បន្ថែម​ថា «ខ្ញុំគិត​ថា ខ្ញុំនឹង​អាចមាន​ការ​រីកចម្រើន នៅក្នុង​ការប្រកួត​ពានរង្វាន់​នេះ ប៉ុន្តែ​វា​មិន​បាន​កើតឡើង​ឡើយ។ មនុស្ស​ជាច្រើន​រំពឹង​ខ្ពស់​មកលើ​យើង ហើយខ្ញុំ​ខឹងខ្លួនឯង ដែលមិន​អាច​ធ្វើវាបាន។ ខ្ញុំដឹង​ថា ខ្ញុំលេង​មិនល្អ​ឡើយ»។

សូម​ជម្រាប​ថា ក្រុម​កូរ៉េខាងត្បូង បាន​ប្រកួត​ចាញ់​ កាតា ០-១ ក្នុងវគ្គ៨​ក្រុម​ចុងក្រោយ នៃពាន​រង្វាន់ AFC Asian Cup 2019 នៅអារ៉ាប់រួម​កាលពី​យប់ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ​២០១៩។ ១គ្រាប់​នេះ​គឺស៊ុត​បញ្ចូលទី​ដោយ Abdulaziz Hatem នៅនាទី​៧៨៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;