គ្រូវៀតណាម ថាក្រុមលោកមានសំណាងដែលបានឆ្លងផុតវគ្គបន្តបន្ទាប់នៅ AFC Asian Cup
- 2019-01-30 08:34:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូវៀតណាម ថាក្រុមលោកមានសំណាងដែលបានឆ្លងផុតវគ្គបន្តបន្ទាប់នៅ AFC Asian Cup
ចន្លោះមិនឃើញ
បន្ទាប់ពីឆ្លងផុតវគ្គចែកពូល វគ្គ១៦ក្រុម និងចុងក្រោយធ្លាក់ត្រឹមវគ្គ៨ក្រុម នៃពានរង្វាន់ AFC Asian Cup 2019 គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានអះអាងថា ក្រុមលោកមានសំណាងដែលបានឆ្លងវគ្គបន្តបន្ទាប់ដូច្នេះ។
ថ្លែងទៅកាន់អ្នកកាសែតក្នុងពេលដែលលោកទៅលេងស្រុកកំណើត នៅប្រទេសកូរ៉េខាងត្បូង នាព្រលានយន្តហោះអន្តរជាតិ Incheon កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យើងមានសំណាង។ កីឡាកររបស់យើង បាននឿយហត់ទាំងរាងកាយ និងបញ្ញាស្មារតី ប៉ុន្តែជាសំណាង យើងទទួលបានលទ្ធផលល្អ»។
លោកបន្តថា៖ «បន្ទាប់ពីមានការប្រកួតលំដាប់អន្តរជាតិជាបន្តបន្ទាប់ ខ្ញុំមានអារម្មណ៍ថា នឿយហត់ ប៉ុន្តែយើងចាប់ផ្តើមដំណើរដ៏ល្អក្នុងឆ្នាំ២០១៩»។
សូមរំលឹកថា មុនព្រឹត្តិការណ៍ លោក Park លើកឡើងថា គោលដៅរបស់លោកគឺនាំវៀតណាម ឆ្លងឱ្យផុតវគ្គចែកពូល។ នៅវគ្គចែកពូល វៀតណាម បានជាប់លេខ៣ ក្នុងពូល D ខណៈអ៊ីរ៉ង់លេខ១ អ៊ីរ៉ាក់លេខ២ និងយេមែនលេខ៤។ ចូលដល់វគ្គ១៦ក្រុម វៀតណាម បានប្រកួតឈ្នះហ្សកដានី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ហើយបានក្លាយជាក្រុមអាស៊ានតែ១គត់ដែលឈានទៅដល់វគ្គ៨ក្រុមចុងចក្រោយ។ ប៉ុន្តែចូលដល់វគ្គនេះ វៀតណាម ត្រូវបានធ្លាក់ក្រោមថ្វីជើងជប៉ុន ក្នុងលទ្ធផល ០-១៕
អត្ថបទទាក់ទង៖ គ្រូវៀតណាម បង្ហាញការសោកស្តាយមួយ ក្រោយចាញ់ជប៉ុន នៅ AFC Asian Cup