អភិបាលរាជធានីជំរុញឱ្យបន្តចុះពិនិត្យមើលផ្លូវសំបុកមាន់ និងជួសជុលផ្លូវខូចជាបន្ទាន់
- 2019-01-31 08:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលរាជធានីជំរុញឱ្យបន្តចុះពិនិត្យមើលផ្លូវសំបុកមាន់ និងជួសជុលផ្លូវខូចជាបន្ទាន់
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអភិបាលខណ្ឌទាំងអស់ និងមន្ទីរជំនាញ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបន្តចុះពិនិត្យមើលផ្លូវក្រលុកសំបុកមាន់ និងឃើញផ្លូវខូចជួសជុលជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរ និងកាត់បន្ថយការចំណាយថវិកាជាតិផងដែរ។ ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធរឿងជួសជុលផ្លូវសំបុកមាន់នៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣១ មករា ២០១៩ នៅសាលារាជធានីភ្នំពេញ។
អភិបាលរូបនេះ បន្ថែមថា គោលបំណងនៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់នេះ គឺដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយថវិកាជាតិ និងជាការទប់ស្កាត់កុំឱ្យមានការខូចខាតដល់គ្រឹះខាងក្រោមផ្លូវផងដែរ។
ជាមួយគ្នាលោក ឃួង ស្រេង ក៏តម្រូវឱ្យខណ្ឌត្រូវជូនដំណឹងដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ត្រូវតែចូលរួមជួសជុលផ្លូវ ដោយសារតែរថយន្តដឹកធ្ងន់នេះហើយ ដែលបណ្តាលឱ្យមានការខូចខាតផ្លូវជាទម្ងន់នោះ។
ពាក់ព័ន្ធនឹងការជួសជុលផ្លូវខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការជួសជុលផ្លូវខូច ជង្ហុកសំបុកមាន់ ខណ្ឌ៤ក្នុងរាជធានី មានខណ្ឌ៧មករា ចំការមន ដូនពេញ និងខណ្ឌទួលគោក គឺត្រូវជួសជុលបាន ៩២ភាគរយហើយ រហូតមកដល់ចុងខែមករានេះ។ ចំណែកខណ្ឌ៨ផ្សេងទៀត គឺជួសជុលបានតែ៣០ភាគរយទេ ដោយសារផ្លូវភាគច្រើន ជាផ្លូវបេតុង ដែលត្រូវចំណាយពេល និងថវិកាទំហំធំ។
លោកប្រធានមន្ទីរ បានលើកឡើងថា «រហូតដល់ចុងខែមករានេះ នៅសល់ផ្លូវចំនួន១៤០ខែ្សទៀត មិនទាន់ត្រូវបានជួសជុល ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងធ្វើឱ្យបានរួចរាល់ ក្នុងរយៈពេល ៤សប្តាហ៍ បន្ទាប់ពីចូលឆ្នាំចិន វៀតណាមរួច»៕