កាំកុងត្រូល ត្រូវបានបញ្ចប់តួនាទី និងភារកិច្ច នៅព្រំដែនហើយ
- 2019-02-01 06:13:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ត្រូវបានបញ្ចប់តួនាទី និងភារកិច្ច នៅព្រំដែនហើយ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់តួនាទី និងតួនាទីត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។
ក្នុងអនុក្រឹត្យនេះ បញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅតាមច្រកទ្វារព្រំដែន និងទីកន្លែងដូចរៀបរាប់ខាងលើនេះ។
តាមអនុក្រឹត្យដដែលបន្តថា ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេសជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀត ក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន៕