AFC Asian Cup វគ្គ​ផ្តាច់ព្រ័ត្រ៖ គ្រូ​ជប៉ុនថា ​ទោះ​កាតា​ខ្លាំង​ប៉ុណ្ណា​ ក៏​គ្មាន​បញ្ហា​ដែរ

  • 2019-02-01 08:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Hajime Moriyasu អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​បង្ហាញ​ការ​ជឿជាក់​ថា ក្រុម​លោក​នឹង​ឈ្នះ​ជើងឯក AFC Asian Cup ជា​លើកទី៥ ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ​កាតា នៅម៉ោង​៩យប់​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បើទោះបី​ជាក្រុម​អារ៉ាប់​មួយនេះ ខ្លាំង​យ៉ាងណា​ក៏ដោយ។

លោក Hajime Moriyasu អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន (រូបថតផ្តល់សិទ្ធិដោយ Reuters)
ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ លោក Moriyasu បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើងដឹង​ថា យើងត្រូវ​ប្រកួត​ទល់នឹង​ក្រុមខ្លាំង​មួយ ប៉ុន្តែ​មិនខ្វល់​ថា ពួកគេ​ជា​នរណា ពួកគេ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏យើង​នៅតែ​លេង​តាម​យុទ្ធសាស្រ្ត និង​ភាព​ខ្លាំង​របស់​យើង ដូច​កាល​យើង​ធ្វើបាន​គ្រប់​ការ​ប្រកួត​កន្លងមក​ក្នុង​ពាន​រង្វាន់នេះ»។

លោក​បញ្ជាក់​ថា កូនក្រុម​របស់​លោក មាន​សមត្ថភាព​អាច​សម្រប​គ្រប់​ស្ថានការណ៍ ហើយ​ពួកគេ​មាន​ការ​អត់ធ្មត់ខ្ពស់។

អ្នកចាត់ការ​រូបនេះ ​បន្តថា «យើង​គោរព​គ្រប់​គូប្រកួត​របស់​យើង ហើយចង់​ធ្វើឱ្យ​បាន​ល្អបំផុត​ដើម្បី​ឈ្នះ​ការប្រកួត​នេះ។ យើង​បាន​ឈាន​ដល់វគ្គ​ផ្តាច់ព្រ័ត្រ ដោយកាន់​តែមាន​ការរីកចម្រើន បន្ទាប់ការ​ប្រកួត​កន្លងមក»។

សូម​បញ្ជាក់​ថា ជប៉ុន បាន​ឡើង​ទៅដល់វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ដោយ​ឈ្នះ​អ៊ីរ៉ង់ ៣-០ ខណៈ​កាតា ឈ្នះ ម្ចាស់ផ្ទះ​អារ៉ាប់រួម ៤-០ នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ ជប៉ុន​បាន​ឈ្នះ​ជើងឯក AFC Asian Cup ចំនួន៤ដង​រួចមក​ហើយ ដែលជា​ចំនួនច្រើន​ជាងគេ គឺនៅ​ឆ្នាំ ១៩៩២, ២០០០, ២០០៤ និង ២០១១។ ឯ កាតា នេះ​គឺជាលើកទីមួយ​ហើយ​ដែលឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ៕

ក្រុម​ជប៉ុន អបអរក្រោយស៊ុតចូលអ៊ីរ៉ង់ (រូបថត​ផ្ដល់សិទ្ធិដោយ Reuters)

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;