ពិធីបុណ្យចាប់ត្រី មានអាយុជិត២០០ឆ្នាំ នៅខេត្តត្បូងឃ្មុំ
- 2019-02-10 10:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបុណ្យចាប់ត្រី មានអាយុជិត២០០ឆ្នាំ នៅខេត្តត្បូងឃ្មុំ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រជាជនក្មេងចាស់ស្រីប្រុសជាង ៣ពាន់នាក់ បានចុះចាប់ត្រី នៅក្នុងបឹងមួយ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីចាប់ត្រីបែបប្រពៃណីពីរបរបុរាណរបស់ប្រជាជន ត្រូវបានប្រារព្ធឡើងនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រពីទីរួមស្រុក មេមត់។
បើតាមមេឃុំជាំក្រវៀន លោក អ៊ុច យឿន បានប្រាប់ឲ្យដឹងថា ពិធីចាប់ត្រីនៅក្នុងបឹងត្រពាំងក្រំនេះមានអាយុជិត ២០០ឆ្នាំមកហើយ។ ពិធីបែបប្រពៃណីនេះប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺធ្វើនៅរដូវទឹកស្រក ក្រោយពីប្រជាជនធ្វើការប្រមូលផលកសិកម្មរួចរាល់។ ពីធីនេះ ធ្វើឡើងដើម្បីជួបជុំ និងបង្កើតភាពសប្បាយរីករាយឲ្យប្រជាជនក្នុងស្រុកភូមិ។
លោកមេឃុំបន្តថា ពិធីចាប់ត្រីនេះគឺ តម្រូវឲ្យប្រជាជនដែលចូលរួមទាំងអស់ ប្រើប្រាស់តែឧបករណ៍បែបបុរាណអង្រុត ឈ្នាង ត្រក ក្អុះ តែប៉ុណ្ណោះ ហើយត្រីដែលរកបានគឺយកទៅផ្ទះរៀង ៗខ្លួន។
បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំបានបញ្ជាក់ថា ពិធីបុណ្យចាប់ត្រីនេះមាន រយៈពេល ៣ថ្ងៃ នៅរាត្រីថ្ងៃទី១ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៨ ទី៩ ខែកុម្ភៈ ប្រជាជននាំគ្នារាំកម្សាន្តរហូតដល់ទល់ភ្លឺ និងថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១០ កុម្ភៈ ដែលជាថ្ងៃបញ្ចប់ គឺជាថ្ងៃចុះចាប់ត្រី៕
ទិដ្ឋភាពផ្សេងៗ នៃពិធីបុណ្យចាប់ត្រី នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៖