អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បដិសេធ​ថា មិនបាន​និយាយ​អំពី​ការ​បាញ់​បង្ហោះ​ផ្កាយរណប​ទេ

  • 2019-02-11 01:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយ​ឧត្តមសេនីយ៍​ ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ​ថា ក្នុងឆ្នាំ​២០១៩​នេះ លោក​មិនបាន​និយាយ​អំពី​គម្រោង​បាញ់​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​របស់​កម្ពុជា​ជាមួយ​សារ​ព័ត៌មាន ឬ​នៅក្នុង​វេទិកា​ណាមួយ​ឡើយ។

លោក​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំមាន​ការងឿយឆ្ងល់​បន្តិច​ដែរ ដែលឃើញ​សារព័ត៌មាន​មួយ​ចំនួន បាន​ចុះផ្សាយ​បន្ត​គ្នា​ថា ខ្ញុំបាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​របស់​កម្ពុជា នា​ថ្មីៗ​នេះ។ ទោះបីជា​រឿងនេះ ជារឿង​វិជ្ជមាន​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​សូមស្នើឱ្យ​សារព័ត៌មាន​មួយចំនួន​នោះ ធ្វើការ​កែ​តម្រូវ​ឡើងវិញ»។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត ថ្លែងទៅកាន់អ្នកសារព័ត៌មាននាពេលកន្លងមក (រូបថត៖ ហ្វេសប៊ុកលោក ឈុំ សុជាត)
អ្នកនាំពាក្យ​រូបនេះ ​យល់ឃើញ​ថា អ្នក​សារព័ត៌មាន​ដែល​សរសេរ​រឿង​នេះ អាច​ទំនង​មានការ​ភាន់​ច្រឡំ​ចំពោះ​ប្រភព​ដែល​ផ្តល់​ព័ត៌មាន​ខាងលើ​នេះ។

សូម​រំលឹក​ថា ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា (AKP) បាន​ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្តី​លោក ឈុំ សុជាត ដែល​បាន​និយាយ​កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា នៅ​ប៉ុន្មានឆ្នាំ​ខាងមុខ​នេះ ប្រទេស​កម្ពុជា មាន​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​សម្រួល​ដល់ការ​គ្រប់គ្រង​ខាងផ្នែក​សន្តិសុខ​ជាតិ សណ្តាប់​ធ្នាប់ និង​ការ​គ្រប់គ្រង​នូវ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​បណ្តា​ប្រទេស​ជិតខាង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;