ACU កំពុងស៊ើប​អង្កេត​​លើ​ករណី​អតីត​មេប៉េអឹម​ខេត្ត​រតនគិរី លោក គឹម រស្មី

  • 2019-02-11 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ​បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅព្រឹក​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា ករណី​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគីរី គឺ ACU កំពុង​តែ​ដំណើរ​ការ​ស៊ើប​អង្កេត​ហើយ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ករណី​អ្វីនោះ លោក​នៅមិន​ទាន់​អាច​ប្រាប់​បាន​ទេ ដោយសារតែ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅឡើយ ។

លោក ឱម យ៉ិនទៀង ថ្លែងនាពេលកន្លងមក
លោក ឱម យ៉ិន​ទៀង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**យើង​ខ្ញុំមិនទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​ទេ ពី​បញ្ហា​មាន ឬ​មិនមាន វា​លឿន​ពេក ប៉ុន្តែ​សូម​បញ្ជាក់​ជូន​ថា យើង​បាន​ស៊ើប​អង្កេត​ហើយ**»។

លោក​បាន​បន្ត​ថា ចំពោះ​ការ​ស៊ើប​អង្កេតមុន ឬ​ក្រោយ រឿង​លោក​គឹម រស្មី ធ្វើខួប​កំណើត​ប្រកាសឲ្យ​លុយ​កូន​គាត់​៥នាក់ ក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ គឺ​លោក​ទេស​រដ្ឋមន្រ្តី​សុំរក្សា​សិទ្ធិ ពីព្រោះ​វា​ជាការ​សម្ងាត់នៃ​ការស៊ើបអង្កេត។ «យើងមិនមែន​ជាកុកទេ យើងជាជុច»។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រះ​មហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​ ត្រាស់​បង្គាប់​លុបឈ្មោះ​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជ​​អាវុធ​ហត្ថខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃកង​យោធពល​ខេមរភូមិន្ទ។ ការលុបឈ្មោះ​ចេញពី​ក្របខណ្ឌ​នេះ ត្រូវបាន​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅថា​ជាការវះកាត់​ប្រកប​ដោយការឈឺចាប់។

ការ​សម្រេច​នេះ ធ្វើឡើង​ក្រោយពេល​លោក គឹម រស្មី ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញសង្គម​បង្ហោះ និង​ចែករំលែក​វីដេអូ​បង្ហាញ​ថា លោក​បាន​ចែក​កាដូ​ជាសែក​ដល់​កូនៗ​របស់ខ្លួន​ចំនួន ៥​នាក់ ដោយក្នុង​ម្នាក់ ១០ម៉ឺន​ដុល្លារ ក្នុងពិធី​ខួប​កំណើត​មួយ ក្នុង​អំឡុង​ចូលឆ្នាំចិន​កន្លងទៅ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;