ស៊ូ យ៉ាទី បង្ហើបពីស្ថានភាពរបួសប្រេះឆ្អឹងដៃឆ្វេង
- 2019-02-11 08:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី បង្ហើបពីស្ថានភាពរបួសប្រេះឆ្អឹងដៃឆ្វេង
ចន្លោះមិនឃើញ
របួសប្រេះឆ្អឹងដៃឆ្វេងដែលកើតឡើងអ្នកចាំទី ស៊ូ យ៉ាទី តាំងពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មកទល់ពេលនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថា មានអារម្មណ៍ញញើតនៅឡើយ សម្រាប់ការរារាំងគ្រាប់បាល់ខ្លាំងៗ បើទោះបានចូលហ្វឹកហាត់ឡើងវិញ តាំងពីចុងខែធ្នូក្ដី។ នេះយោងតាម CNCC ចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ។
ស៊ូ យ៉ាទី បានប្រាប់ដូច្នេះថា៖ «និយាយទៅ បើគិតលើរបួសសឹងថាជា ១០០ភាគរយទៅហើយ ប៉ុន្តែដោយសារយើងធ្លាប់របួសអ៊ីចឹង យើងចេះតែមានអារម្មណ៍មួយស្រៀវៗខ្លាចៗ បារម្ភក្រែងត្រូវរបួសចាស់ហ្នឹងម្ដងទៀត។ រាល់ថ្ងៃពេលហាត់ ឬ ប្រកួតអីហ្នឹង ខ្ញុំប្រយ័ត្នខ្លាំងដែរ ទាំងការរុំដៃឲ្យបានល្អ និង ការពារខ្លួនពេលគេទាត់ម្ដងៗ»។
អ្នកចាំទីរូបនេះអះអាងថា ខ្លួននឹងព្យាយាមសម្រួលផ្លូវចិត្តរបស់ខ្លួនឲ្យបានប្រសើរ ដើម្បីជាទំនុកចិត្តក្នុងការបង្ហាញខ្លួនលើទីលាន លៃយ៉ាងណាឲ្យបានទាន់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩។
គួររំឭកថា ស៊ូ យ៉ាទី រងរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេង ក្នុងជំនួបបិទរដូវកាលរវាងណាហ្គាវើល និង វិសាខា នាខែកញ្ញាឆ្នាំទៅ។ របួសនេះ ធ្វើឲ្យគេបាត់បង់ឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 ៕