ប្រធានាធិបតី​ហ្វីលីពីន ចង់​ផ្លាស់ប្តូរ​ឈ្មោះ​ប្រទេស

  • 2019-02-12 07:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន ចង់​ផ្លាស់ប្តូរ​ឈ្មោះ​ប្រទេស​នេះ «Philippines» នៅថ្ងៃ​ណាមួយ ដើម្បី​កុំឱ្យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ដែល​ស្ថិតក្រោម​អាណានិគម​បរទេស។ នេះ​បើតាម​ការចុះផ្សាយ​របស់ Bloomberg នៅថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក Rodrigo Duterte ថ្លែងនាពេលកន្លងមក (រូបថត៖ Reuters)
បំណង​របស់​លោក Duterte ធ្វើឡើង​ដោយ​យល់ស្រប​តាម​អតីត​មេដឹកនាំ​ផ្តាច់ការ​ហ្វីលីពីន លោក Ferdinand Marcos ដែល​ហៅប្រទេស​ខ្លួន​ថាជា «Maharlika» មាន​ន័យ​ជាភាសា​ក្នុង​ស្រុក​ថា «អភិជន»។

ថ្លែង​​ក្រោយ​ពេល​បញ្ចប់ការ​បែងចែកក្បាល​ដី​ដល់​ប្រជាជន​នៅក្នុង​ខេត្ត Maguindanao កាលពីថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក Duterte បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «តោះ! នាំគ្នា​ផ្លាស់ប្តូរ​ឈ្មោះ នៅថ្ងៃ​ណាមួយ។ Marcos គឺត្រូវ។ គាត់ចង់​ផ្លាស់ប្តូរឈ្មោះ​ទៅជា «Maharlika» ពីព្រោះ​នេះ​ជាពាក្យ Malay (ភាសា​ប្រពៃណី​មួយ​នៅ​ភាគខាងត្បូង​ហ្វីលីពីន)»។

លោក Ferdinand Marcos អតីតប្រធានាធិបតីហ្វីលីពីន ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៨៦

សូម​ជម្រាប​ថា ប្រទេស​ហ្វីលីពីន បាន​ស្ថិតក្រោម​អាណានិគម​របស់​អេស្ប៉ាញ​ប្រមាណ ៣៧៧ឆ្នាំ ពីឆ្នាំ​១៥២១ ដល់ឆ្នាំ​១៨៩៨។ ហើយ​ឈ្មោះ​ប្រទេស​នេះ គឺ​មាន​ប្រភព​មកពី​ឈ្មោះ​ស្តេច​អេស្ប៉ាញ​គឺ ស្តេច Philip II។

យ៉ាងណាមិញ ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន លោក Tito Sotto បាន​និយាយ​ថា គំនិត​របស់​លោក Duterte ខាងលើ​នេះ គឺ​តម្រូវ​ឱ្យមាន​ការ​កែ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ពោលគឺ​តម្រូវ​ឱ្យមាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;