សសរស្ពានកោះកុងដែលចាស់ទ្រុឌទ្រោម ត្រូវបានចាប់ផ្តើមជួសជុល
- 2019-02-13 02:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សសរស្ពានកោះកុងដែលចាស់ទ្រុឌទ្រោម ត្រូវបានចាប់ផ្តើមជួសជុល
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ចូន ចាប់ផ្តើមជួសជុលកែលម្អឱ្យល្អប្រសើរឡើងវិញនូវសសរស្ពានកោះកុងចំនួន២៣ដើម ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងជាយូរឆ្នាំមកហើយ។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកជំនាញការ ចុះពិនិត្យលក្ខណៈបច្ចេកទេស កាលពីដើមឆ្នាំ២០១៨។
ប្រធានការិយាល័យគ្រប់គ្រងប្រតិបត្តិការ និងស្ពានផ្លូវល្បឿនលឿន បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៩ ថា ការងារកែលម្អជួសជុល គឺនឹងអនុវត្តរយៈពេល១ឆ្នាំ ចាប់ពីខែមករាតទៅ ដោយផ្តោតសំខាន់ទៅលើសសរស្ពានចំនួន២៣ជាបណ្តោះអាសន្នជាមុនសិន ជៀសវាងទទួលរងផលខូចខាតបន្តទៀត។
បើតាមមន្ត្រីដដែល ក្រោយពីគម្រោងអនុវត្តជួសជុលផ្នែកខាងក្រោមស្ពានកោះកុងនេះរួចរាល់ ក្រុមការងារជំនាញនឹងសិក្សាលម្អិតបន្ថែមពីគុណភាពស្ពាន ឬចំណុចប្រេះស្រាំទៀត ដើម្បីធ្វើរាយការណ៍ជាក់លាក់មួយដាក់ជូនរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ពិនិត្យសម្រេចបន្ត ថាតើត្រូវមានវិធានការដោះស្រាយយ៉ាងណាទៀត។
គួរជម្រាបថា នេះលើកដំបូងហើយ ដែលក្រសួងសាធារណការ បានបញ្ចូនក្រុមមន្ត្រីជំនាញ និងមន្ត្រីមន្ទីរសាធារណការខេត្ត ផ្តើមចុះមកពិនិត្យមើលលក្ខណៈបច្ចេកទេសនៃគុណភាពស្ពានខេត្តកោះកុង បន្ទាប់ពីពិនិត្យស្រាវជ្រាវកាលពីខែមករា ឆ្នាំ២០១៨ រកឃើញថា សសរស្ពានមួយចំនួនប្រេះស្រាំ ទាមទារឱ្យមានការជួសជុលបន្ទាន់។
ស្ពានកោះកុង មានប្រវែង១៩០០ម៉ែត្រ ដោយសាងសង់ឡើងឆ្លងកាត់ដៃសមុទ្រពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឆ្ពោះទៅស្រុកមណ្ឌលសីម៉ា ជាប់ព្រំដែនអន្តរជាតិចាំយាម។
ស្ពានខេត្តកោះកុង ជាគម្រោងវិនិយោគទុនក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ។ ប៉ុន្តែគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏បានប្រកាសទិញយកស្ពានកោះកុងយកមកគ្រប់គ្រងជាទ្រព្យសម្បត្តិរដ្ឋវិញ ដោយអនុញ្ញតឱ្យប្រជាពលរដ្ឋទូទៅធ្វើដំណើរទៅមកលើស្ពាន មិនចាំបាច់បង់ប្រាក់ដូនមុន៕