ចម្ការអំពៅក្នុងស្រុកស្វាយទាប ជាប់ព្រំប្រទល់វៀតណាម ត្រូវភ្លើងឆេះអស់ជាង៨០ហិកតា
- 2019-02-13 06:49:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្ការអំពៅក្នុងស្រុកស្វាយទាប ជាប់ព្រំប្រទល់វៀតណាម ត្រូវភ្លើងឆេះអស់ជាង៨០ហិកតា
ចន្លោះមិនឃើញ
ចម្ការអំពៅសម្រាប់ធ្វើស្កររបស់ក្រុមហ៊ុនចំនួន២ ទំហំ ៨៣ហិកតាត្រូវបានភ្លើងឆេះស្ទើរគ្មានសល់ស្ថិតនៅក្នុងឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ករណីភ្លើងឆេះ ចម្ការអំពៅនេះ បានកើតឡើង កាលពីវេលាម៉ោង១១:១០នាទី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមក្រសួងព័ត៌មាន ចុះផ្សាយនាថ្ងៃទី១៣កុម្ភៈនេះ លោក កុយ សារ៉េន ម្ចាស់ចម្ការអំពៅបានឲ្យដឹងថា មុនពេលមានភ្លើងឆេះ គេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូត ក៏កំពុងតែច្រូតផង ស្រាប់តែសុខៗ មានជាអណ្តាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ហើយស្លឹកអំពៅហោះរាយប៉ាយពិបាកគ្រប់គ្រងខ្លាំងណាស់។
លោកបានបន្តទៀតថា ខណៈភ្លើងកំពុងឆេះនោះ ក្រុមកម្មករនាំគ្នារត់មកការដ្ឋាន ដើម្បីមកយកត្រាក់ទ័រភ្ជួរកាត់ចំការអំពៅ និងបាញ់ទឹក ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារមានខ្យល់បក់ហើរស្លឹកអំពៅដែលឆេះមកកាត់មុខត្រាក់ទ័រ ហើយការឆេះនោះ វាលឿនពេកកម្មករស្ទើររត់ពុំរួចផង។ ហេតុការណ៍នេះ បណ្តាលឲ្យឆេះអស់ចំនួន ៥៧ហិកតា និងក្រុមហ៊ុនសុផាត សំណាង អស់ចំនួន ២៦ ហិកតាផងដែរ។
លោកបានបញ្ជាក់ទៀតថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០ នាទីរសៀល ហើយមូលហេតុបណ្តាលឲ្យឆេះនេះ មិនដឹងច្បាស់ថាជាករណីឆេះដោយសារធម្មជាតិ ឬមានអ្នកលួចដុត ឬជក់បារី បោះកន្ទុយបារីនោះទេ។ បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
គួរជម្រាបថា ចម្ការអំពៅតំបន់នេះ តែងតែឆេះជាញឹកញាប់ពិសេសនៅរដូវប្រាំងធ្វើឲ្យក្រុមហ៊ុនដាំអំពៅទាំងនោះ មានការខាតបង់ជាបន្តបន្ទាប់៕
រូបថត៖ ក្រសួងព័ត៌មាន