អ្នក​ជំនាញ​ជប៉ុន ផ្តល់​បច្ចេកទេស​ផ្នែក​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា

  • 2019-02-15 04:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចាត់ទុក​ការ​ជួយ​បណ្ដុះ​បណ្ដាល ការផ្ដល់​បច្ចេកទេស និង​បទពិសោធន៍​ពី​អ្នក​ជំនាញផ្នែក​សុវត្ថិភាព​ចរាចរណ៍​ជប៉ុន គឺជា​ការនាំ​មកនូវ​ធាតុចូល​ថ្មី​បន្ថែម​ទៀត​ដល់​មន្រ្ដី​ជំនាញ​កម្ពុជា ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។

ក្នុង​សិក្ខា​សាលា​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ កាលពី​ព្រឹកថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោកស្រី មឹន មាណវី រដ្ឋ​លេខាធិការ​ក្រសួងសាធារណ​ការ និង​ដឹកជញ្ជូន និងជា​អគ្គលេខាធិការ​គណៈ​កម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានមាន​ប្រសាសន៍​ថា តាមរយៈ​ការផ្ដល់​នូវ​បច្ចេកទេស និង​បទពិសោធន៍​ពី​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ជប៉ុន​នេះ អ្នក​ជំនាញ​កម្ពុជា ក៏នឹង​ទទួលបាន​នូវ​បច្ចេកទេស និង​វិធីសាស្រ្ដ​ថ្មី ក្នុងការ​អនុវត្ដ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឱ្យកាន់តែ​ទទួល​បាន​លទ្ធផល​ប្រសើរ​ថែមទៀត។

លោក​ស្រី​បាន​លើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​កង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារតែ​បញ្ហានេះ​នៅតែ​កើត​មាន​ជា​រៀងរាល់​ថ្ងៃ បណ្តាល​ឱ្យស្លាប់ របួស ពិការ និង​ខូតខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ខណៈ​ដែល​ផ្លូវ​ស្ពាន​គ្រប់​ទី​កន្លែង​ត្រូវបាន​សាងសង់​ខ្វាត់ខ្វែង ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ដឹក​ជញ្ជូន​ បម្រើ​ឱ្យ​គ្រប់វិស័យ​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ទាំងមូល។

លោក SUGANO Yuichi ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្ដិការ​អន្ដរជាតិ​នៃ ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា(JICA) បានថ្លែង​ថា អង្គការ​ JICA បាន​គាំទ្រ​ចំពោះ​សុវត្ថិភាព ចរាចរណ៍​នៅកម្ពុជា​ តាមរយៈ​ការជួយ​លើ​កម្មវិធី​ផ្សេងៗ ការជួយ​កែ​សម្រួល​នូវ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ និង​បង្ការ ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក​បាន​បន្ដ​ថា ការ​បណ្ដុះ​បណ្ដាល​អំពី​សុវត្ថិភាព​ចរាចរណ៍​នេះ គឺ​អង្គការ​ JICA បាន​នាំយក​មកនូវ អ្នក​ជំនាញ​ផ្នែក អប់រំ វិស្វកម្ម និង​អ្នក​ជំនាញ​ផ្នែក​បង្ការ ទប់ស្កាត់​សុវត្ថិភាព​ចរាចរណ៍ ដើម្បី ចែករំលែក​នូវ​ចំណេះដឹង ក៏​ដូចជា​ជំនាញ​ក្នុងការ​ផ្ដល់​ជូន​ដល់​មន្រ្ដី​កម្ពុជា​ដែល​ធ្វើ​ការងារ​ផ្នែក សុវត្ថិភាព​ចរាចរណ៍​នេះ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

សូម​រំលឹកថា ពេញមួយឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ ១៧៦១នាក់ បាត់បង់ជីវិត។ ចំនួន​នេះ បានថយចុះ ១% បើ​ប្រៀបធៀប​នឹងឆ្នាំ​២០១៧។ គ្រឿង​ស្រវឹង នៅតែជាកត្តាចម្បង​ដែលបង្ក​ឱ្យមាន​គ្រោះថ្នាក់ចរាចរណ៍​កើតឡើង។ នេះបើយោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;