កងទ័ពវេណេហ្ស៊ុយអេឡា ប្រុងជើងការខ្ពស់នៅតាមព្រំដែន ក្រោយការគំរាមរបស់អាមេរិក
- 2019-02-20 03:00:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កងទ័ពវេណេហ្ស៊ុយអេឡា ប្រុងជើងការខ្ពស់នៅតាមព្រំដែន ក្រោយការគំរាមរបស់អាមេរិក
ចន្លោះមិនឃើញ
កងទ័ពវេណេហ្ស៊ុយអេឡា បានបញ្ជាក់ភាពស្មោះស្ម័គ្រជាថ្មីចំពោះប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ហើយនៅតែប្រុងជើងការខ្ពស់តាមបណ្តោយព្រំដែន ដើម្បីទប់ទល់នឹងការឈ្លានពាន បន្ទាប់ពីមានការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការថ្លែងរបស់លោក វ្លាឌីមៀ ផាឌ្រីណូ រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានមួយទៅកាន់យោធាវេណេហ្ស៊ុយអេឡា ដោយប្រាប់ថា ប្រសិនបើពួកគេនៅតែបន្តគាំទ្រលោក ម៉ាឌូរ៉ូ នោះពួកគេនឹងមិនអាចរកកន្លែងមានសុវត្ថិភាពបានឡើយ ហើយបាត់បង់អ្វីៗទាំងអស់។
លោក ផាឌ្រីណូ បានច្រានចោលការគំរាមនេះ និងបានហៅលោកដូណាល់ ត្រាំ ថា ជា «មនុស្សក្អេងក្អាង»។ លោកថា ប្រសិនបើប្រទេសមហាអំណាចបរទេស ព្យាយាមបង្កើតរដ្ឋាភិបាលថ្មីមួយដោយកម្លាំង នោះពួកគេ (យោធាវេណេហ្ស៊ុយអេឡា) ក៏នឹងប្រឆាំងតបត ទៅវិញដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តីការពារជាតិ ក៏បានចោទលោក ដូណាល់ ត្រាំ និងមេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា ផងដែរជុំវិញជំនួយមនុស្សធម៌របស់អាមេរិកថា ជាការធ្វើឱ្យប៉ះទង្គិចគ្នារវាងប្រជាជន និងកងទ័ពនៃប្រទេសវេណេហ្ស៊ុយអេឡា៕