ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ឲ្យ​បុណ្យ​ទន្លេ​ក្នុង​ខេត្ត​កំពង់ឆ្នាំង សម្រេច​បាន​ជាង​៨០%

  • 2019-02-21 02:20:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​បម្រើ​ឲ្យ​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ​ នៅ​ខែ​មីនា​ខាងមុខ​នេះ សម្រេច​បាន​ជាង ៨០ភាគរយ ហើយ​ដោយ​គ្រោង​រៀបចំ​ឲ្យ​ចប់​រួចរាល់​នៅ​ដើម​ខែ​មីនា​ខាងមុខ​។ នេះ​បើយោងតាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ​។

អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យដឹង​ថា ក្រុម​ការងារ​ជំនាញ​នៅ​តាម​ផ្នែក​នីមួយៗ កំពុង​មមាញឹក​ពន្លឿន​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​កន្លែង​ប្រារព្ធ​ពិធី​ឲ្យ​ចប់​រួចរាល់​ នៅ​មុន​មួយ​សប្ដាហ៍​នៃ​ពិធី​បុណ្យ​ទន្លេ ដែល​ប្រារព្ធ​ធ្វើឡើង​ ចាប់ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​។

លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ថា ក្រុម​ការងារ​ជំនាញ កំពុង​កែ​លម្អ​ការងារ​ដែល​សេសសល ដូចជា ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ចិញ្ចើម​ផ្លូវ សួន​ច្បារ  អនាម័យ​បរិស្ថាន បង់​អង្គុយ​លេង​សម្រាប់​អ្នក​ទៅ​ទស្សនា ការ​តុបតែង​លម្អ​សោភ័ណភាព​គ្រោង​ទ្វារ ភ្លើង​ពណ៌​តាម​ចិញ្ចើមផ្លូវ និង​ការ​តុបតែង​ភ្លើង​នៅ​តាម​ដើម​ឈើ​ជាដើម​។

លោក​អភិបាល​ខេត្ត​បាន​អះអាង​ថា ពិធី​បុណ្យ​ទន្លេ​ដែល​រៀបចំ​នៅ​ខេត្ត​កំពង់ឆ្នាំង​ឆ្នាំ​នេះ នឹង​មាន​លក្ខណៈ​ប្លែក​អស្ចារ្យ​ជាច្រើន ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​បាន​កាន់តែ​ច្រើន តាម​រយៈ​កម្មវិធី​កម្សាន្ត​សំខាន់​ៗ​ចំនួន​១១ ពាក់ព័ន្ធ​ទៅ​នឹង​កីឡា ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល ម្ហូបអាហារ ការ​ដំាដើម​ឈើ និង​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ​សម័យ​ជាដើម។

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​លេង​បុណ្យ​ទន្លេ​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន ព្រោះ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​សន្តិសុខ​សណ្តាប់​ធ្នាប់​បាន​ល្អ រួមជាមួយ​នឹង​ការ​ណែនាំ​ដល់ អាជីវករ​ដូចជា​ សណ្ឋាគារ ភោជនីយដ្ឋាន មិន​អនុញ្ញត ឲ្យ​ដំឡើង​ថ្លៃ​ពេក កុំឲ្យ​ប៉ះពាល់​ដល់​អ្នក​ទៅ​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​។

សូម​បញ្ជាក់​ថា សម្រាប់​បុណ្យ​ទន្លេ​លើក​ទី១​នៅឆ្នាំ​២០១៥ ស្ថិតក្នុង​ខេត្ត​ក្រចេះ លើក​ទី២នៅ​ខេត្ត​កំពង់ចាម លើក​ទី៣​នៅ​ខេត្ត​ស្ទឹងត្រែង លើក​ទី៤​នៅ​ខេត្តកណ្តាល ខណៈ​លើកទី៥​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ថ្ងៃ​ទី១៥ ដល់ថ្ងៃទី១៧ ខែ​មីនា​ ឆ្នាំ​២០១៩​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;