លោក គីម ជុងអ៊ុន យកអង្គរក្សតាមខ្លួនប៉ុន្មាននាក់ សម្រាប់កិច្ចប្រជុំនៅវៀតណាម?
- 2019-02-25 07:52:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គីម ជុងអ៊ុន យកអង្គរក្សតាមខ្លួនប៉ុន្មាននាក់ សម្រាប់កិច្ចប្រជុំនៅវៀតណាម?
ចន្លោះមិនឃើញ
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នឹងត្រូវជួប១ទល់នឹង១ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ ក្នុងកិច្ចប្រជុំកំពូលលើកទី២ នៅក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងកិច្ចប្រឹងប្រែងដើម្បីរក្សាសន្តិសុខ សុវត្ថិភាពមេដឹកនាំរបស់ខ្លួន កូរ៉េខាងជើងបានបញ្ជូនអង្គរក្សប្រហែល ១០០នាក់ ទៅកាន់វៀតណាម។ ចំនួននេះ មិនរាប់បញ្ចូលប្រតិភូ ដែលអមដំណើរលោក គីម តាមរយៈរថភ្លើងនោះទេ។
យោងតាមកាសែតវៀតណាម បានរាយការណ៍ថា អង្គរក្សរបស់លោក គីម បានចាកចេញពីក្រុងព្យុងយ៉ាង តាមរយៈយន្តហោះ កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ពោលគឺខណៈរថភ្លើងរបស់មេដឹកនាំកូរ៉េខាងជើង បានរត់ឆ្លងកាត់ក្រុងប៉េកាំង។
លោក គីម បានចាកចេញពីក្រុងព្យុងយ៉ាង តាមរថភ្លើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ក្រៅពីអង្គរក្ស លោកគីម បានដឹកនាំប្រតិភូសំខាន់ៗរបស់ខ្លួនទៅប្រទេសវៀតណាម ដែលរួមមាន លោក Kim Yong Chol ដៃស្ដាំរបស់លោកគីម, លោកស្រី Kim Yo Jong បងស្រីលោកគីម, លោក Kim Hyok Chol តំណាងក្រុងព្យុងយ៉ាងទទួលបន្ទុកកិច្ចការជាមួយអាមេរិក, ព្រមទាំងលោក Kim Chang Son អនុប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករ និងជាជំនួយការកំពូលរបស់លោកគីម។
លោក គីម ជុងអ៊ុន អាចនឹងទៅដល់ក្រុងហាណូយ នៅថ្ងៃទី២៦ ខែកុម្ភៈ មុនមួយថ្ងៃ នៃជំនួបជាមួយលោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕