ផលិតកម្ម​ថោន ច្រានចោល​ព័ត៌មាន​ពីការ​ចាកចេញ​របស់​កញ្ញា មាស សុខសោភា

  • 2019-02-26 06:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​នៃ​ការ​ចាកចេញ​របស់​កញ្ញា មាស សុខសោភា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន ទៅ​ផលិតកម្ម​រស្មី​ហង្សមាស កំពុងតែ​ក្លាយជា​ប្រធានបទ​​ក្តៅ​គគុក​មួយ ដែលត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ បង្ហោះ​ផ្សព្វផ្សាយ​ផ្អើល​ពេញ​ហ្វេសប៊ុក។ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោន បាន​ច្រានចោល។

លោក មាស សុខរតនៈ ប្រធាន​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោន និងត្រូវ​ជា​បង​បង្កើត​របស់​កញ្ញា មាស សុខសោភា បានថ្លែង​កាលពី​រសៀល​ថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា កញ្ញា មាស សុខសោភា គឺមិនបាន​ចាកចេញ​ទៅ​ផលិតកម្ម​រស្មីហង្សមាស​នោះទេ។ «អត់មាន​ទៅណា​ផង ហើយ​ព័ត៌មាន​ដែលបាន​ផ្សព្វផ្សាយ គឺជា​ព័ត៌មាន​ចចាម​អារាម ហើយ​បច្ចុប្បន្ន​នេះ កញ្ញា មាស សុខសោភា នៅ​ផលិតកម្មថោន​ជាប្រចាំ»។

លោក​បាន​អះអាង​ថា ប្អូនស្រី​របស់​ខ្លួន រីករាយ​ក្នុងការ​បន្ត​នៅជាមួយ​ផលិតកម្ម​ថោន ហើយថា​កញ្ញា កំពុងតែ​មមាញឹក​ខ្លាំង​ជាមួយ​នឹងការចេញ​បទចម្រៀង​ថ្មីៗ ជាពិសេស គឺបទ​ថ្មី ចំនួន​៣បទ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ ដែលនឹង​ចូលមក​ដល់​នាពេល​ខាងមុខ​នេះ មាន​ដូចជា៖ បទ​ប៉ក់កន្ទ្រឹមអើយ និង បទ​រលឹមប្រុយៗ ខណៈបទថ្មី​មួយទៀត ទើបតែ​ចាប់ផ្តើម​ថត​។

ប្រធាន​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោនដដែលនេះ ឱ្យដឹងថា កញ្ញា មាស សុខសោភា មានការ​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ចេញ​សម្តែង ខនសឺត និង​ត្រៀម​ចេញ​ក្នុង​កម្មវិធី​សម្រាប់​ទូរទស្សន៍​ថោន ជាច្រើន​បន្ថែម​ទៀត រាល់​សកម្មភាព​ទាំងនេះ​ គ្មាន​ហេតុផល​ណា​ដែលធ្វើឲ្យ​នាង ត្រូវចាកចេញ​ពី​ផលិតកម្ម​នេះទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;