សម្តេច ហ៊ុន សែន អបអរ​ចំពោះ​វៀតណាម ដែល​បាន​ធ្វើម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល ត្រាំ-គីម

  • 2019-02-26 07:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្តែង​នូវការ​អបអរសាទរ​ចំពោះ​វៀតណាម ដែល​បាននឹង​កំពុង​ទទួលស្វាគមន៍​នូវ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សម្តេច​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក ង្វៀង ហ៊្វូជុង ប្រមុខ​រដ្ឋវៀតណាម នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា កាលពី​ព្រឹកមិញ លោក គីម ជុងអ៊ុន បាន​ធ្វើដំណើរទៅដល់ប្រទេសវៀតណាមហើយ តាមរយៈការធ្វើដំណើរតាមរថភ្លើង​កាត់តាមប្រទេសចិន ទៅដល់​ស្ថានីយរថភ្លើងក្រុង Dong Dang ភាគខាងជើងវៀតណាម ដើម្បី​ត្រៀមជួបជាមួយលោក ដូណាល់ ត្រាំ ខណៈដែល​ប្រធានាធិបតី​អាមេរិក​រូបនេះ ត្រូវបាន​រំពឹង​ថា នឹងទៅ​ដល់វៀតណាម​នៅល្ងាច​នេះ។ ជំនួប​កំពូលនេះ ធ្វើឡើងពីថ្ងៃទី២៧ ដល់ ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ។​

សម្តេច​បាន​មានប្រសាសន៍​ថា កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​រហូតមក​ដល់​ពេលនេះ គឺមិន​អាច​កាត់ផ្ដាច់​បាន​ពី​កងទ័ព​ប្រជាជន និង​រដ្ឋាភិបាល​វៀតណាម​ឡើយ ហើយ​សម្ដេច​ក៏បាន​ឯកភាព​ជំរុញ​ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​រីកចម្រើន​បន្ថែមទៀត​ផងដែរ។

នៅក្នុង​ជំនួបនេះ លោក ង្វៀង ហ៊្វូជុង បាន​ជម្រាប​ជូន​សម្តេច​នាយករដ្ឋមន្រ្តី​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺ​លោក​មាន​បំណង​ពង្រីក និង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ស្រាប់​ហើយ ហើយ​ក៏​ដើម្បី​ពិនិត្យ​មើល​ឡើងវិញ​នូវរាល់អ្វី​ដែល​បាន​ព្រមព្រៀង កន្លង​មក​ផងដែរ។

ប្រមុខរដ្ឋ​វៀតណាម បន្ថែមថា លោក​បាន​សង្កេត​ឃើញ​ថា កម្ពុជា គឺ​ទទួល​បាន​ជោគជ័យ​លើ​វិស័យ​ជាច្រើន​រួមមាន​ការ​អភិវឌ្ឍ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់ សេដ្ឋកិច្ច​កម្ពុជា​គឺមាន​កំណើន​កើនឡើង​ជាង៧% ហើយ​ស្ថានភាព​នៅ​កម្ពុជា​គឺមាន​ស្ថិរភាព និង​ទំនាក់ទំនង​ការទូត​កម្ពុជា​ ក៏មាន​ជាមួយ​បណ្តា​ប្រទេស​នានា​ជា​លំដាប់​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;