អូស្ត្រាលី បង្ហាញយន្តហោះចម្បាំងគ្មានមនុស្សបើក ផលិតក្នុងស្រុក
- 2019-02-27 03:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលី បង្ហាញយន្តហោះចម្បាំងគ្មានមនុស្សបើក ផលិតក្នុងស្រុក
ចន្លោះមិនឃើញ
រដ្ឋាភិបាលអូស្ត្រាលី និងក្រុមហ៊ុនប៊ូអ៊ីញ បានធ្វើការបង្ហាញជាផ្លូវការ នូវយន្តហោះចម្បាំងដែលគ្មានមនុស្សបើក នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ វាជាយន្តហោះគំរូ ដែលត្រូវបានផលិតនៅអូស្ត្រាលី ជាលើកដំបូង និងជាយន្តហោះចម្បាំងគ្មានមនុស្សបើកទី១ របស់ ប៊ូអ៊ីញផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីពិព័រណ៍យន្តហោះអន្តរជាតិមួយ លោក Christopher Pyne រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានឲ្យដឹងថា អូស្ត្រាលីបានបោះទុនវិនិយោគ ប្រមាណជិត ៣០លានដុល្លារអាមេរិក ក្នុងកម្មវិធីអភិវឌ្ឍយន្តហោះគំរូនេះឡើង។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនប៊ូអ៊ីញ ដែលមានប្រភពពីអាមេរិកនេះ មិនបានបញ្ជាក់ពីតម្លៃ ដែលខ្លួនបានចំណាយលើគម្រោងនេះឡើយ។
យន្តហោះគំរូនេះ មានប្រវែងបណ្ដោយ ១១,៦ម៉ែត្រ អាចហោះបានចម្ងាយ ៣៧០៤ គីឡូម៉ែត្រ។ ការធ្វើតេស្តហោះហើរសាកល្បង នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២០។ ទន្ទឹមនេះ ប៊ូអ៊ីញ គ្រោងអភិវឌ្ឍកម្មវិធីយន្តហោះចម្បាំងគ្មានមនុស្សបើក ឬ Boeing Airpower Teaming System នៅប្រទេសអូស្ត្រាលីផងដែរ។ យន្តហោះគ្មានមនុស្សបើកនេះ នឹងត្រូវប្រើប្រាស់សម្រាប់ហែហមយន្តហោះចម្បាំងដែលមានមនុស្សបើក ក្នុងប្រតិបត្តិការផ្សេងៗ។
សូមបញ្ជាក់ថា អូស្ត្រាលី ជាទីតាំងផលិតដ៏ធំមួយរបស់ប៊ូអ៊ីញ ក្រៅពីសហរដ្ឋអាមេរិក៕