ដូណាល់ ត្រាំ-គីម ជុងអ៊ុន និយាយ​គ្នា​អ្វីខ្លះ​កាលពី​យប់មិញ?

  • 2019-02-28 03:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធីបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ជួបគ្នា​កាលពី​យប់​ថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ មេដឹកនាំ​ទាំង២ បាន​ចាប់ដៃ​គ្នា រួច​អង្គុយ​ជជែកគ្នា​មួយ​សន្ទុះ មុន​ទទួល​ទាន​អាហារ នៅ​សណ្ឋាគារ Sofitel Legend Metropole ក្នុងក្រុង​ហាណូយ ប្រទេស​វៀតណាម។

លោក គីម ជុងអ៊ុន បាន​និយាយ​ថា លោក និង​លោក​ ដូណាល់ ត្រាំ បាន​ជម្នះ​រាល់​ឧបសគ្គ​ទាំងអស់ ដែល​នាំឱ្យ​ពួកគេ​មកជួប​គ្នានៅ​ពេលនេះ។ ប៉ុន្តែ​លោក គីម ក៏​បាន​សង្កត់ធ្ងន់​ដែរពី​សេចក្តីត្រូវការ​នៃ​ភាព​អត់ធ្មត់។

លោក ដូណាល់ ត្រាំ បាន​និយាយ​ថា នេះ​ជា​កិត្តិយស​មួយ​ដែល​លោក​បាន​ជួប​ជាមួយ​លោក​ប្រធាន គីម នៅ​វៀតណាម ជា​ប្រទេស​ដែល​ស្វាគមន៍​យ៉ាង​ស្មោះស្ម័គ្រដោយ​ការ​ក្រាលព្រំ​ក្រហម​​ទទួល​​មេដឹកនាំ​ទាំង២។

«មនុស្ស​មួយចំនួន អាច​នឹង​មើលថា វាទៅ​កាន់​តែលឿន។ ប៉ុន្តែខ្ញុំ​សប្បាយចិត្ត​ជាមួយ​អ្វីដែលពួក​យើង​កំពុង​ធ្វើ។ យើង​បាន​ធ្វើរឿង​ជាច្រើន រឿង​ដែល​ធំ​បំផុត​គឺ​ទំនាក់ទំនង​របស់​យើង គឺ​ពិតជា​ល្អ»។ នេះបើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​អាមេរិក ទៅកាន់​មេដឹកនាំ​កូរ៉េ​ខាងជើង។

លោក ដូណាល់ ត្រាំ បន្ថែម​ថា លោក​ គីម ជុងអ៊ុន នឹង​មាន​អនាគត​ដ៏​អស្ចារ្យ​ និង​ជា​មេដឹកនាំ​ដ៏ល្អ​សម្រាប់​កូរ៉េខាងជើង ដោយ​លោក​រំពឹងថា វាពិតជា​នឹង​កើតឡើង ហើយ​លោក​នឹងជួយ​ឱ្យ​វា​កើតឡើង។

សូម​ជម្រាប​ថា នៅថ្ងៃទី​២៨ ខែកុម្ភៈ​នេះ មេដឹកនាំ​ទាំង២ ក៏មាន​ជំនួប​កំពូល​ជាបន្ត​បន្ទាប់ទៀត​ផងដែរ ដោយផ្តោត​ទៅលើ​បញ្ហា​នុយក្លេអ៊ែរ។ ប៉ុន្តែ​លោក ត្រាំ ថា លោក​មិន​ប្រញាប់​ពេក​នោះទេ នៅក្នុង​បញ្ហា​នេះ៕

រូបថត​ផ្តល់សិទ្ធិដោយ Reuters

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;