រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ជូន​ដំណឹង​ពីការ​បង្វែរ​ទិសចរាចរណ៍​លើផ្លូវជាតិ​លេខ៥

  • 2019-03-14 02:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ជូនដំណឹងថា ​ពិធីបុណ្យ​ទន្លេ​ នឹងត្រូវរៀបចំ​ឡើងនៅក្នុងក្រុងកំពង់ឆ្នាំង ចាប​ពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩ ដែល​អាច​បណ្តាលឱ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​កំពង់ឆ្នាំង តាម​ចំណុច​មួយ​ចំនួន។

ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បង្ហាញ​ពីការបង្វែរទិសចរាចរណ៍​យានយន្ត​ដូចខាងក្រោម៖

១. រថយន្ត​ធុន​ធ្ងន់៖ ថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩

-ចាប់ពីម៉ោង ១២ ថ្ងៃ​ត្រង់ ដល់ម៉ោង១២យប់ (ទិស​មកពី​ភ្នំពេញ) ត្រូវ​ធ្វើ​ចរាចរណ៍​តាមផ្លូវវាង (ចេញ-ចូល) ពី​ចំណុច​សួន​ដំរី​ស គីឡូម៉ែត្រលេខ ៨៦-៨៧ ស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ (ទិសមក​ពី​បាត់ដំបង) ត្រូវ​ធ្វើចរាចរណ៍ (ចេញ-ចូល) តាមផ្លូវ​វាង​ព្រលាន​យន្តហោះ ខេត្ត​កំពង់ឆ្នាំង គីឡូម៉ែត្រ​លេខ ៩៧-៩៨ ស្ថិតក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង តាមផ្លាក​សញ្ញា និង​ការ​ចង្អុល​បង្ហាញ​ផ្លូវ​របស់​សមត្ថកិច្ច។

-ចាប់ពីម៉ោង ១២យប់ ដល់ម៉ោង ១២​ថ្ងៃត្រង់ រថយន្ត​ធុនធ្ងន់​ទាំងអស់​ត្រូវធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិលេខ៥ ជាធម្មតា​វិញ។

២. រថយន្ត​ធុន​ស្រាល៖ ថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩

-ធ្វើ​ចរាចរណ៍​តាមដងផ្លូវ​ជាតិលេខ៥ ឆ្លងកាត់​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ជាធម្មតា (ទាំង២ទិស)។

-ក្នុង​ករណី​កកស្ទះ​ចរាចរណ៍ ដែល​កើតឡើង​ជាយថាហេតុ រថយន្ត​ធុនស្រាល​ត្រូវធ្វើចរាចរណ៍​តាម​ការ​ចង្អុល​បង្ហាញ​ផ្លូវ​វាង​របស់​សមត្ថកិច្ច ដែល​ឈរធ្វើចរាចរណ៍​តាមដងផ្លូវ។

៣. អ្នក​ធ្វើដំណើរ​តាម​ស្រឡាង​កំពង់លែង៖ ស្នើ​ប្តូរពីផែ​បច្ចុប្បន្ន​នៅចុងកោះ ទៅភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង​វិញ។ ចំណែក​ចំណត​កំពង់លែង​នៅដដែល ដើម្បីជៀសវាង​ការ​ប៉ះពាល់​ដល់​កីឡា​ប្រណាំងទូក ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមីនា ឆ្នាំ​២០១៩។

៤. ចំពោះ​ភ្ញៀវ​ដែល​បាន​ចូលរួម​កម្សាន្ត​បុណ្យ​ទន្លេ អាច​ធ្វើ​ចរាចរណ៍​ចូល​ក្រុង​កំពង់ឆ្នាំង ដោយ​សមត្ថកិច្ច​បាន​រៀបចំ​កន្លែង​ចំណត​យានយន្ត​ជូន​រួចជាស្រេច ចំនួន១៨​កន្លែង នៅ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;