វ៉ា សុថន៖ «ការប្រកួតដំបូងរបស់យើង គឺដូចជាការប្រកួតដណ្ដើមយក៦ពិន្ទុ»
- សុក្រ, 15 មីនា 2019 08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ា សុថន៖ «ការប្រកួតដំបូងរបស់យើង គឺដូចជាការប្រកួតដណ្ដើមយក៦ពិន្ទុ»
ចន្លោះមិនឃើញ
ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេត នឹងធ្វើឡើងនៅកីឡដ្ឋាន RSN នាថ្ងៃសៅរ៍ស្អែកនេះ សម្រាប់ការប្រកួតសប្តាហ៍ទីមួយនៃលីគកំពូលម្ពុជា។ ខ្សែបម្រើកណ្តាល វ៉ា សុថន ចាត់ទុកថាការប្រកួតនេះ គឺជាការប្រកួតដណ្ដើមយក៦ពិន្ទុ មិនមែនយកត្រឹមតែ ៣ពិន្ទុនោះទេ ព្រោះវាជាការប្រកួតមួយដែលមានភាពតានតឹងខ្លាំង ហើយវាក៏ជាការប្រកួតដំបូងផងដែរ។ នេះបើយោងតាមវេបសាយផ្លូវការរបស់ភ្នំពេញក្រោន ចុះផ្សាយ។
សុថនបាននិយាយដូច្នេះថា៖ «វាជារឿងល្អ និងលំបាករបស់ក្រុមយើងផងដែរ ព្រោះវាគឺជាការប្រកួតដំបូងរបស់យើង យើងទាំងអស់គ្នា ទាំងកីឡាករ ក្រុមបុគ្គលិក និងអ្នកគាំទ្រពិតជាចង់ឃើញការប្រកួតនេះណាស់ ប៉ុន្តែពួកយើងក៏មានសម្ពាធបន្តិចបន្តួចដែរ»។
កីឡាករខ្មែរបារាំងបានបន្តទៀតថា៖ «ការប្រកួតជាមួយក្រុមបឹងកេត គឺវាមិនងាយស្រួលប៉ុន្មានទេ ព្រោះពួកគេជាក្រុមដែលខ្លាំងមួយនៅក្នុងលីគ។ នៅលើទីលាន គឺវាដូចជាសង្គ្រាមមួយ ដែលយើងត្រូវតែប្រកួតប្រជែងឲ្យបានខ្លាំងក្លា ដើម្បីបង្ហាញថាពួកយើងជាក្រុមមួយដែលខ្លាំង ហើយគឺដើម្បីឈ្នះ។ ក្រុមរបស់ពួកយើង គឺរួចរាល់ហើយ យើងបានរៀបចំពីរ បីសប្តាហ៍ហើយដើម្បីធ្វើការជាក្រុមឲ្យបានប្រសើរឡើង ខ្ញុំមិនអាចទាយបានទេថា ក្រុមមួយណាដែលអាចឈ្នះការប្រកួតនេះ»៕