ក្រសួងរ៉ែ៖ បញ្ហាខ្វះថាមពលអគ្គិសនី នឹងមិនឱ្យកើតមានជាថ្មីម្តងទៀតទេ ចាប់ពីឆ្នាំ២០២០ទៅ
- 2019-03-25 03:44:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងរ៉ែ៖ បញ្ហាខ្វះថាមពលអគ្គិសនី នឹងមិនឱ្យកើតមានជាថ្មីម្តងទៀតទេ ចាប់ពីឆ្នាំ២០២០ទៅ
ចន្លោះមិនឃើញ
លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា បញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់ នឹងមិនឱ្យកើតមានជាថ្មីម្តងទៀតទេ ចាប់ពីឆ្នាំ២០២០តទៅ ដោយក្នុងនោះទាមទារឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្សេងទៀត យោគយល់អធ្យាស្រ័យចំពោះបញ្ហាខ្វះអគ្គិសនីនៅក្នុងពេលនេះ។ ការថ្លែងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដើម្បីពន្យល់បកស្រាយជុំវិញបញ្ហាខ្វះអគ្គិសនី កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
លោកឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ទៅ នឹងលែងខ្វះខាតអគ្គិសនីហើយ ដោយសារតែគម្រោងនៃការអភិវឌ្ឍបណ្តាញអគ្គិសនីដែលកំពុងមានស្រាប់ ហើយកំពុងសាងសង់នោះ នឹងចាប់ដំណើរការនៅពេលខាងមុខនេះហើយ។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់វិញនោះ ត្រូវបានលោករដ្ឋលេខាធិការ លើកឡើងថា ដោយសារកត្តាធម្មជាតិ និងកត្តានៃការប្រើប្រាស់អគ្គិសនី មានការកើនឡើង ខុសពីការគិតទុករបស់អគ្គិសនីកម្ពុជា ដែលធ្វើឱ្យអគ្គិសនីកម្ពុជា បង្ខំចិត្តក្នុងការផ្តាច់អគ្គិសនី ប្រើប្រាស់នៅតាមតំបន់មួយចំនួន។
លោកបានបន្ថែមថា បច្ចុប្បន្នកម្ពុជា ត្រូវការប្រើប្រាស់ អគ្គិសនីចំនួន ៣១លានគីឡូវាត់ម៉ោងក្នុងមួយថ្ងៃ ខណៈដែលឆ្នាំ២០១៨ កម្ពុជាត្រូវការតែ ២៥,៥លានវាត់ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះបច្ចុប្បន្នកម្ពុជា អាចធ្វើការផ្គត់ផ្គង់ បានតែចំនួនជាង ២៧លានវាត់ម៉ោងប៉ុណ្ណោះ ដែលទាមទារឱ្យមានការទិញពីបរទេស៕