រាជរដ្ឋាភិបាល សម្រេចបញ្ចប់អាជីវកម្មផ្លូវដែករបស់ក្រុមហ៊ុនរ៉ូយាល់ រេលវេ
- 2019-03-29 07:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាល សម្រេចបញ្ចប់អាជីវកម្មផ្លូវដែករបស់ក្រុមហ៊ុនរ៉ូយាល់ រេលវេ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុនរ៉ូយាល់ រេលវេ ក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង មួយនេះ ខកខានមិនបានអភិវឌ្ឍផ្លូវដែកឱ្យបានល្អប្រសើរជាងនេះ។ ការថ្លែងនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ វិស័យដឹកជញ្ជូនផ្លូវដែក ហាក់មិនទាន់ទទួលជោគជ័យប្រសើរនៅឡើយទេ បើទោះជាក្រសួងសាធារណការ ខិតខំប្រឹងប្រែងលើកទឹកចិត្តផ្សព្វផ្សាយពីវិស័យនេះយ៉ាងណាក៏ដោយ។ ក្រុមហ៊ុន រ៉ូយាល់ រេលវេ មិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខារនានា ដើម្បីបំពេញតម្រូវការអតិថិជន ដែលរួមមានដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរជាដើម។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ជារឿយៗមានរថភ្លើងមួយចំនួនខូច គាំង មិនដំណើរការ ដោយមិនមានថវិកាគ្រប់គ្រាន់ជួសជុល ថែទាំ និងការវិនិយោគបន្ថែម ដែលជាហេតុធ្វើឱ្យមានការខកខានក្នុងការដឹកទំនិញ ឱ្យទាន់ពេល និងធ្វើឱ្យមានការផ្តល់សេវា មានភាពមិនទៀងទាត់។ ទាំងនេះ គឺជាបញ្ហាប្រឈមធំ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីឱ្យមានការរីកចម្រើនលើសេវាដឹកជញ្ជូនតាមរថភ្លើងនៅកម្ពុជា ហើយក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងពាណិជ្ជករផងដែរ។
ជុំវិញការសម្រេចនេះ សម្តេចតេជោ បញ្ជាក់នៅចំពោះមុខលោក ឧកញ៉ា គិត ម៉េង ថាវាមិនមែនជាទណ្ឌកម្មនោះទេ ផ្ទុយទៅវិញ វាគឺជាការជួយមិនឱ្យក្រុមហ៊ុនជួបការដួលរលំ៕