ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នៅតែមានឱកាសចូលរួមធ្វើទំនើបកម្មផ្លូវដែកនៅកម្ពុជា
- 2019-04-01 01:22:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នៅតែមានឱកាសចូលរួមធ្វើទំនើបកម្មផ្លូវដែកនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បន្តប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ តាមផ្លូវដែកភាគខាងត្បូងដដែល។
ទន្ទឹមនឹងនេះ ក្រសួងសាធារណការ នឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេនេះផងដែរ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ឱ្យសមស្របទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនិងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរ ឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើឱ្យមានភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ។
ការចេញសេចក្តីជូនដំណឹងខាងលើនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ របស់លោកឧកញ៉ា គិត ម៉េង ក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា។
សម្តេចបញ្ជាក់ថា ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែកត្រូវបានប្រគល់ទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធីដំណើរការឡើងវិញ មុននឹងឈានដល់ការដាក់ឱ្យដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធ្វើឱ្យប្រព័ន្ធផ្លូវដែកនៅកម្ពុជា មានលក្ខណៈស្តង់ដារអន្តរជាតិ និងលក្ខណៈទំនើបជឿនលឿន
ជុំវិញការសម្រេចនេះ សម្តេចតេជោ បញ្ជាក់នៅចំពោះមុខលោក ឧកញ៉ា គិត ម៉េង ថាវាមិនមែនជាទណ្ឌកម្មនោះទេ ផ្ទុយទៅវិញ វាគឺជាការជួយមិនឱ្យក្រុមហ៊ុនជួបការដួលរលំ ហើយថែមទាំងបើកឱកាសឱ្យក្រុមហ៊ុននេះ ចូលរួមដេញថ្លៃទទួលសិទ្ធិវិនិយោគវិញផងដែរ៕