ព្រះមហាក្សត្រ​ កោតសរសើរ​​រដ្ឋសភា ដែល​ខិតខំ​ដោះស្រាយ​រាល់​បញ្ហា មិនគិត​ពី​ការ​នឿយហត់

  • 2019-04-01 02:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណា ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ ​នរោត្តម-សីហមុនី ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោត​សរសើរ​ចំពោះ​ប្រធាន​ អនុប្រធាន ប្រធាន​គណៈកម្មការ និង​សមាជិក​នៃ​រដ្ឋសភា​ទាំងអស់ ដែលបាន​បំពេញ​ការងារ​អស់​ពី​កម្លាំង​ពីកាយ​ចិត្ត​ ពុំ​គិត​ពីការ​នឿយ​ហត់ ខិតខំ​យក​ចិត្ត​ទុកដាក់ ក្នុងការ​បម្រើ​ដល់​ប្រជាពលរដ្ឋ និង​បាន​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា បាន​ដោយ​ជោគជ័យ​តាម​លំដាប់​លំដោយ។ នេះបើតាម​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ ក្នុង​ឱកាស​បើក​បវេសនកាល​នៃរដ្ឋសភា សម័យ​ប្រជុំ​រដ្ឋសភា​លើកទី២ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩។

ក្នុង​ព្រះរាជសារ​នេះ បញ្ជាក់​ថា រយៈកាល​កន្លងមក​នេះ រដ្ឋសភាបាន​យកចិត្ត​ទុកដាក់ សហការ​ជាមួយ​រាជរដ្ឋាភិបាល ធានា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការរស់នៅ​ដោយ​សុខ​ក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់​ទិសទី​ក្នុង​ផ្ទៃ​ប្រទេស និង​ប្រឹងប្រែង​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​គ្រប់​វិស័យ​ដោយ​ផ្តោត​ជាអាទិភាព ទៅលើការ​កែទម្រង់​អភិបាល​កិច្ច​ល្អ ការ​កសាង សមត្ថភាព អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ដើម្បី​ជំរុញ​លើក​កម្ពស់​ និង​កែលម្អ​ជីវភាព​ប្រជាពលរដ្ឋ ឱ្យកាន់​តែ​ប្រសើរ​ឡើង និង​ពង្រឹង​ប្រព័ន្ធគាំការពារ​សង្គម សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​អ្នកក្រីក្រ និង​ជនងាយ​រងគ្រោះ។

ព្រះរាជសារ​ដដែល​បន្តថា ការ​ខិតខំ​ប្រឹងប្រែង​របស់​សមាជិកនៃ​រដ្ឋសភា​គ្រប់រូប គឺ​ជាសកម្មភាព​បម្រើ​ប្រជាពលរដ្ឋ ដែល​ភារកិច្ច​នេះ រួមមាន​ការ​អញ្ជើញ​​យ៉ាងសកម្ម​ចុះ​សួរ​សុខទុក្ខ​ ជួយ​ដោះស្រាយ​បញ្ហា​ប្រជារាស្រ្ត​ជាម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ព្រមទាំង​ទទួល​យកនូវ​រាល់​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម​នានា មក​ជម្រាប​ជូន​រាជរដ្ឋាភិបាល ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​រាល់​បញ្ហា​ទាំងឡាយ​នោះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;