អាមេរិក ផ្អាក​បញ្ជូន​យន្តហោះ F-35 ទៅ​តួកគី ដោយសារ​រឿង​ខែល​មីស៊ីល​ S-400 របស់​រុស្ស៊ី

  • 2019-04-02 02:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​បញ្ចកោណ​អាមេរិក បាន​ប្រកាស​កាល​ពីថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩​ថា ខ្លួន​​ផ្អាកការ​បញ្ជូន និង​ចូលរួម​ការងារ​ទាំងអស់​ជាមួយ​តួកគី ទៅ​លើ​កម្មវិធី​​យន្តហោះ​ចម្បាំង F-35 ដោយសារ​តែ​ប្រទេស​នេះ​ទិញ​ខែល​មីស៊ីល S-400 ពី​រុស្ស៊ី។

លោក Charles E. Summers Jr ប្រធាន​អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ បាន​និយាយ​ថា ដោយសារតែ​ពួកគេ (តួកគី) នៅតែ​បន្ត​ទិញ​ S-400 ហេតុ​ដូច្នេះ​អាមេរិក បាន​សម្រេច​ផ្អាក​បញ្ជូន និង​ឈប់​ធ្វើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ប្រតិបត្តិការ​យន្តហោះ F-35 របស់​តួកគី ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​កើតឡើង។

យន្តហោះ F-35 (រូបថត៖ Reuter)
លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «**យើង​ពិត​ជាមានការ​សោកស្តាយ​ណាស់​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន ដោយ​ប្រឈម​នឹងរឿង​ភាព​ជា​ដៃគូ​យន្តហោះ F-35 ជាមួយ​តួកគី ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ កំពុង​តែ​ចាត់​វិធានការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ការពារ​ការ​វិនិយោគ​ដែល​ធ្វើឡើង​នៅក្នុង​បច្ចេកវិទ្យា​ដ៏​សំខាន់​របស់​យើង**»។

ជាមួយគ្នា​នេះ មន្ទីរ​បញ្ចកោណ​អាមេរិក បាន​ចាប់ផ្តើម​ស្វែងរក​ប្រភព​ទី២ ក្នុងការ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​យន្តហោះ F-35 ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​តួកគី។

តួកគី​មាន​ផែនការ​ទិញ​យន្តហោះ​ចម្បាំង F-35A ចំនួន​១០០​គ្រឿង ដែល​អាកាសយានិក​តួកគី បាន​ហ្វឹកហាត់​រួចមក​ហើយ នៅក្នុង​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​អាមេរិក Lockheed Martin ដែល​ជាអ្នក​ផលិត​យន្តហោះ​ប្រភេទ​នេះ បាន​និយាយ​ថា កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​តួកគី ដើម្បី​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​យន្តហោះ F-35 គឺ​មាន​តម្លៃដល់ ១២ពាន់​លាន​ដុល្លារ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;